​ក្រុមព្រះខ័នរាជស្វាយរៀង ​បាន​បង្ហាញ​ទម្រង់​លេង​កាន់តែល្អ ដើម្បី​លត់​ក្រុម​អគ្គិសនី​កម្ពុជា យ៉ាង​ចាស់​ដៃ សម្រាប់​ការ​ប្រកួត​បើកឆាក​លីគកំពូល​កម្ពុជា នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឯង​កាល​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ​​ក្រុម​គិរី​វង់សុខសែន​ជ័យ មិនអាច​យក​កម្លាំង​ចិត្ត ដែល​កើត​ចេញពី​ការ​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប ដើម្បី​ទៅ​បន្ត​យក​ឈ្នះ​លើ​ក្រុមអង្គរ​ថាយហ្គឺរ សម្រាប់ការ​ប្រកួត នៅ​ក្រៅ​ទឹក​ដី កាលពី​ថ្ងៃអាទិត្យ ម្សិល​មិញ នោះ​ទេ។

បើ​ទោះបីជា​ក្រុម​ប្រើ​កីឡាករ​ក្នុង​ស្រុក​សុទ្ធ អគ្គិសនី​កម្ពុជា មាន​ទឹក​ចិត្ត​ពុះ​កញ្រ្ជោល​ខ្លាំង​ ​ក្នុង​ការ​ប្រកួត ដែល​កើត​ចេញ​ពី​ការ​យក​ឈ្នះ​ក្រុមនគរ​បាល​ជាតិ ៣-២ ​ក្នុងការ​ប្រកួត​បើក​ឆាក ប៉ុន្តែ​​ក្រុម​របស់លោក មាស សំអឿន មួយនេះ មិនអាច​ប្រើ​ទម្រង់​លេង​ការពារ ដើម្បី​ទប់​មហិច្ឆតារក​គ្រាប់បាល់​របស់​ក្រុម​ម្ចាស់​ផ្ទះ ព្រះខ័ន​រាជស្វាយរៀង បាន​នោះ​ទេ ខណៈ​ខ្សែ​ប្រយុទ្ធជន​ជាតិ​កាមេរ៉ូន Privat នៅ​តែ​ជាកីឡាករ ដែល​មាន​ភាព​លេចធ្លោរ​ខ្លាំងជាង​គេ ដោយ​រូប​គេ​រក​បាន​២​គ្រាប់​តែ​ម្នាក់ឯង និង​បង្កើត​ឱកាសឱ្យ​មិត្ត​រួម​ក្រុម​រកបាន​៣​គ្រាប់​ទៀត ក្នុង​ជ័យជម្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ៦-១។

ត្រឹម​រយៈ​ពេល​ត្រឹម​៣១​នាទី ក្រុមស្វាយរៀង អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​អគ្គិសនី​កម្ពុជា រហូត​ដល់​៤​គ្រាប់ ដែល​គ្រាប់បាល់​ទី​១ រក​បាន​ដោយការ​ទាត់​ហ្រ្វីឃីកពី​ប្រធាន​ក្រុម សឿយ វិសាល នៅនាទីទី​៧ ហើយ​ការ​លើកបាល់​យ៉ាងស្អាតរបស់ Privat បាន​ផ្តល់ឱកាស​ឱ្យ​ខ្សែ​ ប្រយុទ្ធអេស្ប៉ាញ Miguel Angel Junco Martinez លោត​តែត​បាល់​នោះ​ បញ្ចូល​ទី​បាន​យ៉ាង​ល្អ នៅនាទីទី​១៩ មុន​ពេល  ប្រាក់ មុនីឧត្តម រក​បាន​១​គ្រាប់​ទៀត នៅនាទីទី​​២៩ ចំណែក​នៅនាទីទី​៣១ Private ​បាន​អូល​បាល់​ឆ្លងកាត់​ខ្សែ​ការពារ​ក្រុមអគ្គិសនី​កម្ពុជា​ដោយ​ខ្លួនឯង រួច​បាន​​ស៊ុតបញ្ចូល​ទីយ៉ាង​ស្អាត។

នៅ​ក្រោយការ​នាំ​មុខ ៤-០ នេះ​ កីឡាករ សា ទី បាន​ស៊ុត​ទម្លុះសំណាញ់ទី​ក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង បាន​១​គ្រាប់​វិញ នៅ​នាទីទី​​៣៥ ប៉ុន្តែឈាន​ចូល​តង់ទី​២ ក្រុមស្វាយរៀង រក​បាន​២​គ្រាប់​បន្ថែម​ទៀត ដែល​ជា​ការ​រកបាន​គ្រាប់បាល់​ទី​២​របស់​ Miguel Angel Junco Martinez នៅនាទីទី​៦៧ និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម Privat នៅនាទីទី​ ៩០+១។

​ក្រុមព្រះខ័នរាជស្វាយ​រៀង បាន​បង្ហាញ​ការ​សប្បាយ​រីករាយ​ខ្លាំង និង​បាន​ចាត់ទុក​ការ​យក​ឈ្នះ​លើ​ក្រុមអគ្គិសនី​កម្ពុជា រហូត​ដល់ ៦-១ លើក​នេះ ថា ជាជ័យជម្នះ​ដ៏​ធំ ដោយ​​ក្រុម​ជើង​​ឯក​​រង​​មួយនេះ បាន​សរសេរ​បង្ហោះ​នោះ​ផេចហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖​ «​វា​ជា​ការ​ឈ្នះ​ដ៏​ធំ សម្រាប់​​ការ​ចាប់​ផ្ដើម​រដូវ​កាល​របស់​យើង!»។

ផ្ទុយ​ពី​នេះ ក្រុម​គិរីវង់សុខសែន​ជ័យ មិនអាច​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ អង្គរ​ថាយហ្គឺរ ដើម្បី​នាំ​យក​៣ពិន្ទុ ត្រឡប់​​ទៅ​ផ្ទះ​វិញ ដូច​ការ​ប្តេជ្ញា​ចិត្ត មុនការ​ប្រកួត​បាន​នោះ​ទេ គឺ​ពួក​គេ​បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ អង្គរ​ថាយហ្គឺរ ២-០ ដែល​២​គ្រាប់នេះ រក​បាន​ដោយ​កីឡាករ តាំង ពិសី នៅនាទីទី​៤ និង ឡុង ម៉េងហាវ នៅនាទីទី​​៦៤។ ការ​ចាញ់​នេះ បានធ្វើ​ឱ្យ​ក្រុមគិរីវង់ ​ធ្លាក់​ពី​លេខ​២ មក​ឈរ​នៅលេខ​៣​វិញ ដោយ​មាន​៣ពិន្ទុដដែល។

ចំណែក​​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែលបាន​ឈ្នះ​ក្រុមអគ្គិសនី​កម្ពុជា ៦-១ កាលពី​ថ្ងៃសៅរ៍ បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​២ ស្រប​ពេល​ដែលការ​ប្រកួត​របស់​​ក្រុម​កំពុង​ឈរ​នៅ​លើកំពូល​តារាង ភ្នំពេញ​ក្រោន ​ក្រុម​ឈ្នះ​៣ពិន្ទុ​ថ្ងៃបើក​ឆាក ណាហ្គាវើល រួមទាំង​ក្រុម​មាន​១ពិន្ទុ ខេត្ត​ព្រៃវែង វិសាខា និង​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ព្រមទាំង​ក្រុមចាញ់​ថ្ងៃ​បើក​ឆាក បឹងកេត នគរ​បាលជាតិ ​អាស៊ីអឺរ៉ុប និងសូល​ទីឡូអង្គរ សុទ្ធតែ​ត្រូវ​​បាន​លើក​ពេល​ប្រកួត ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​នោះ៕​