បរទេស៖ លោក Zinedine Zidane បាន​បើក​ចំហទ្វារ​​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទៅកាន់​ក្លិប Real Madrid វិញ តាមរយៈ​ការ​ទទួល​ស្គាល់កាលពីថ្ងៃ​ចន្ទ ​ថា ការ​វិល​ត្រឡប់​របស់​គេ «អាច​នឹង​កើតឡើង»​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយ​ទូរ​ទស្សន៍ Sky Italia ថា ពិតមាន​ពាក្យ​ចរ​ចាម​អារ៉ាម​ថា Ronaldo អាច​នឹង​ចូល​រួម​ជាមួយនឹងក្លិប Real Madrid ឬយ៉ាង​ណា លោក Zidane បាន​ឆ្លើយ​តប​ថា៖ «វា​អាច​ទៅ​រួច​ វា​ពិត​ជា​​អាច​ទៅ​រួច»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​ស្គាល់  Cristiano​។ យើ​ងស្គាល់​អត្ត​ចរិត​របស់​គេ និង​រាល់​អ្វី​ៗដែល​រូប​គេ​សម្រេច​បាន​នៅ​ក្លិប Real Madrid​។ ប៉ុន្តែ បច្ចុប្បន្ន រូប​គេ​គឺ​ជា​កីឡាករ​ម្នាក់​របស់​ក្លិប Juventus ហើយ​អ្នក​ត្រូវ​តែ​គោរ​ព​ទាំង​រូប​គេ និង​ក្លិប​នេះ​»​។ នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា លោក​ចង់​ធ្វើ​ជា​គ្រូបង្វឹក​របស់ Ronaldo ម្ត​ង​ទៀត​ដែរ ឬ​ទេ លោក Zidane បាន​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ធ្វើ​អ្វីដែល​ត្រូវ​តែ​ធ្វើ​ជាមួយនឹង Cristiano​។ យើង​រង់​ចាំមើល​ថា នឹង​មាន​អ្វី​កើត​ឡើង នៅ​ថ្ងៃ​អនាគត​»​។

ព័ត៌​មាននានា​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ បាន​ចេញផ្សាយ​ថា Ronaldo ចង់​វិល​ទៅកាន់​ក្លិប Real Madrid វិញ ក្រោយពី​ទទួល​បាន​ជោគ​ជ័យ​ដ៏ធំ​ធេង​រយៈ​ពេល​៩​ឆ្នាំ​ជាមួយនឹង​ក្លិប​នេះ មុន​នឹង​ចាក​ចេញ​​កាលពីឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺ​រ៉ូ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia