បរទេស៖ លោក Thomas Tuchel បាន​ទទួល​ស្គាល់ថា ក្រុម Chelsea បាន​ទទួល​នូវកា​រមាន​ប្រៀបដ៏​ធំមួយ តាមរយៈ​ការ​មិន​តម្រូវ​ឲ្យ​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស​ដើម្បី​​ប្រកួត​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម Atletico Madrid នៅ​រាត្រីនេះ​។ ការ​ប្រកួត​​ជើង​ទី​១​រវាង​ក្រុមកំពុង​តែ​នាំមុខលើ​តារាង​លីក La Liga មួយនេះ និងក្រុមតោ​ខៀវ Chelsea ត្រូវ​បាន​រៀប​ចំ​នៅ​រដ្ឋ​ធានី Bucharest របស់​រ៉ូ​ម៉ានី ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំវិញ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​។

ការ​ប្រកួត​ទាំង​២​ជើង​រវាងក្រុម Liverpool និង RB Leipzig ក៏ដូច​ជា​ជំនួប​រវាងក្រុម Manchester City និង Borussia Moenchengladbach សុទ្ធ​សឹង​បាន​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ Budapest​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម Chelsea នឹង​ត្រូវ​ការ​ពារ​ការនាំមុខ​ក្នុងលទ្ធផល ១-០ របស់​ពួក​គេ នៅ​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ការ​ប្រកួតនេះ នឹង​ត្រូវ​ប្រកួត​នៅកីឡដ្ឋាន​ដែលគ្មាន​អ្នក​ទស្ស​នា​ក៏ដោយ​។ លោក Tuchel គ្រូបង្វឹករបស់​ក្រុម Chelsea បាន​ឲ្យដឹងថា៖ «យើងមាន​ប្រៀប​​ក្នុងការលេង​លើ​ទឹកដីខ្លួន​ឯង​។

យើង​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅដី​ប្រទេស​ឡើយ​។ នេះ​គឺ​ជា​រឿង​ល្អ​សម្រាប់​យើង​។ យើង​មានអារម្មណ៍​រីក​រាយ ក្នុងការ​ស្ថិ​តក្នុង​សណ្ឋា​គាររបស់​យើង នៅមុន​ពេល​ការ​ប្រកួតនេះ​ ដើម្បី​លេង​ការ​ប្រកួត​ជា​ធម្ម​តា ហើយ​នេះ​គឺ​ជា​ការ​មាន​ប្រៀប​ដ៏​ធំ​មួយ​​សម្រាប់​ថ្ងៃ​ស្អែក​នេះ​សម្រាប់​ក្រុម​របស់​យើង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia