បរទេស៖ លោក Mikel Arteta បាន​ជួប​​ពិភាក្សា​បែប​វិជ្ជ​មាន​មួយ​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ក្រោយពី​បាន​លុប​ឈ្មោះ​របស់​គេ​ចេញពីក្រុម​សម្រាប់​ការ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ ប៉ុន្តែ បាន​បដិ​សេធ​ក្នុង​ការ​​ធានាថា តា​រា​ឆ្នើម​អន្តរ​ជាតិ​កា​បុង​រូបនេះ នឹងទទួល​បាន​តួនាទី​ប្រធានក្រុមវិញ​ពេល​ប្រកួត​ជាមួយនឹងក្រុម Olympiakos នារាត្រីនេះ​ឡើយ​។

Aubameyang បាន​ស្ថិត​ជាកីឡាករ​បម្រុង ក្រោយពី​បាន​​ចូលរួម​ជាមួយនឹងក្រុម​យឺតពេល នៅមុនពេល​ក្រុម Arsenal ផ្តួលក្រុម Tottenham ក្នុងលទ្ធ​ផល ២-១ កាលពីថ្ងៃ​​អាទិត្យ​។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះបាន​ចាក​ចេញពីកីឡដ្ឋាន Emirates ដោយ​មិន​អង្គុយ​ជាមួយនឹង​កីឡាករ​បម្រុង​ផ្សេង​ទៀត​ឡើយ ក្នុង​ពេលកម្តៅ​សាច់​ដុំ នៅលើ​ទីលាន បន្ទាប់​ពី​ការ​ប្រកួត​។ លោក Arteta គ្រូបង្វឹក​នៃក្រុម​កាំភ្លើង​ធំ បាន​បញ្ជាក់​ថា រូប​​លោក​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់​ជាមួយនឹង Aubameyang ដើម្បីរក្សា​​មូលដ្ឋាន​គ្រឹះ​រយៈ​ពេល​វែងរបស់​ក្លិប​​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ បាន​ជម្រះ​ភាព​សង្ស័យ​ផ្សេងៗ​ជាមួយ​នឹង Aubameyang ប៉ុន្តែ បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​រូបនេះ នឹង​ត្រូវ​កោះហៅ​ឲ្យ​ចូលរួម​ប្រកួត​ក្រ​ប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម ជាមួយនឹងក្រុម Olympiakos​។ លោក Arteta បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃ​ពុធ​ថា៖ «យើង​បាន​ពិភាក្សា​គ្នា​។ អ្វី​ៗ​​ត្រូវ​បាន​ដោះស្រាយ ក្នុង​មធ្យោ​បាយ​ជា​វិជ្ជ​មាន​។ ហេតុនេះ យើង​បោះ​ជំហាន​ទៅមុខ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia