បរទេស៖ ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយនឹងក្រុមហ៊ុនបចេ្ចកវិទ្យាអាល្លីម៉ង់ TeamViewer ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភលើអាវរបស់ពួកគេចាប់ពីរដូវកាលក្រោយទៅ ខណៈក្រុមហ៊ុន Chevrolet នឹងផុតកុងត្រានាពេលចប់រដូវកាលនេះ។

ក្រុមហ៊ុន TeamViewer នឹងជំនួសក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះ Chevrolet ដែលបានចាប់ដៃគូជាមួយនឹង Man Utd តាំងពីឆ្នាំ ២០១៤ មក។ នាយកគ្រប់គ្រង United លោក Richard Arnold បានមានប្រសាសន៍ថា៖ «យើងពិតមានមោទនភាពក្រៃលែងដែលបានបង្កើតភាពជាដៃគូនេះជាមួយក្រុមហ៊ុន Software  ដែលសកលលោកមានភាពរំភើប និងស្វាហាប់បំផុត»។

កិច្ចព្រមព្រៀងនេះត្រូវបានគេជឿជាក់ថាអាចស្រដៀងនឹងកិច្ចព្រមព្រៀងរបស់ Barcelona ដែលមានទឹកប្រាក់ចំនួន ៥៥ លានអឺរ៉ូ (៤៧ លានផោន) ក្នុងមួយរដូវកាលជាមួយ Rakuten ដែលធ្វើឱ្យក្រុមហ៊ុន TeamViewer អាចនឹងក្លាយម្ចាស់ឧបត្ថម្ភលើអាវអាវធំជាងគេបំផុតនៅ Premier League។ លោក Oliver Steil នាយកប្រតិបត្តិរបស់ TeamViewer បានមានប្រសាសន៍ថា៖ «យើងពិតជាមានការរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ ព្រោះវានឹងជួយពង្រីកទីតាំងយីហោរបស់យើងកាន់តែខ្លាំងជាងមុន ហើយវានឹងជួយយើងក្នុងការចែកចាយផលប័ត្រដំណោះស្រាយដ៏ទូលំទូលាយរបស់យើងដល់ផ្នែកអតិថិជនទាំងអស់នៅទូទាំងពិភពលោក»៕

 

ប្រភពព័ត៍មាន៖ Sportsmole