បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton ត្រូវបានគេរាយការណ៍ថាមានបំណងចង់នាំយកខ្សែការពារកណ្តាលលំដាប់ពិភពលោកម្នាក់មកកាន់ក្លឹបនៅរដូវក្តៅនេះ។
ក្រុមស្ករគ្រាប់ Everton នឹងត្រូវប៉ះក្រុម Manchester City នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍នេះ ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង Premier League ដោយមាន ៤៦ ពិន្ទុដាច់ពីក្រុមលេខ ៤ Chelsea ៥ ពិន្ទុ។ លោក Ancelotti ត្រូវបានគេរំពឹងថានឹងមានការគាំទ្រជាថ្មីម្តងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ហើយបើយោងតាម Football Insider បានអោយដឹងថាលោក Ancelotti ចង់បានខ្សែការពារកណ្តាលលំដាប់ពិភពលោកម្នាក់។
របាយការណ៍នេះបានអះអាងថាអ្នកចាត់ការក្រុម Everton បច្ចុប្បន្នមិនពេញចិត្តនឹងខ្សែការពាដែលគាត់កំពុងមាននាពេលបច្ចុប្បន្ននេះទេ។ លោក Ancelotti អាចនឹងទទួលបានទឹកប្រាក់ប្រមាណ ១០០ លានផោន ដើម្បីចំណាយនៅទីផ្សារដោះដូរកីឡាករខាងមុខ ហើយរូបលោកចង់បានខ្សែការពារដែលភាពប្រហាក់ប្រហែលនឹង Virgil van Dijk និង Ruben Dias៕
ប្រភពព័ត៍មាន៖ Sportsmole