បរទេស៖ លោក Ole Gunnar Solskjaer បាន​ការ​ពារ​ការ​សម្រេច​ចិត្ត​របស់​លោក ក្នុង​ការ​​ប្រើ​ប្រាស់​ក្រុម​ស្ថិត​ក្នុង​ជម្រើស​ទី​២ ខណៈ​ដែលក្រុម Manchester United បាន​ធ្លាក់​ចេញ​ពី​ការ​​ប្រកួត​ពាន FA Cup ក្រោយពី​ចាញ់​ក្នុងលទ្ធ​ផល ៣-១ ក្រោមស្នា​ដៃក្រុម Leicester នា​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​អាទិត្យ​។

លោក Solskjaer បាន​ផ្លាស់​ប្តូរ​កីឡាករ​៥នាក់​ពីក្រុម Man United ដែល​បាន​ផ្តួល​ក្រុម AC Milan ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ កាលពីថ្ងៃ​ព្រហស្បតិ៍​។ ខ្សែ​បម្រើ Paul Pogba បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង​វិញ ប៉ុន្តែ ខ្សែ​បម្រើ​ប្រយុទ្ធ Bruno Fernandes បាន​ស្ថិត​ជាកីឡាករ​បម្រុង​រហូត​ដល់​តង់​ទី​២ ស្រប​ពេល​ដែល Marcus Rashford បាន​អវត្ត​មាន​ពីក្រុម​តែ​ម្តង​។ Man United បាន​ឆ្លើយ​តប​ទៅនឹង​ការផ្លាស់​ប្តូរ​នេះ ជាមួយ​នឹង​ទម្រង់លេង​ដ៏​ទន់ខ្សោយ ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​ជ័យ​​ជាលើក​ទី​១ ក្នុង​ចំណោម​ការ​ប្រកួត​ក្រៅដី​ចំនួន​៣០​លើក​។

លោក Solskjaer បាន​ឲ្យដឹងថា៖ «កាលពីថ្ងៃ​ព្រហស្បតិ៍ Bruno បាន​បំបែក​កំណត់ត្រា​​ទាំង​អស់​លើ​ផ្នែក​រឹង​មាំ ហើយ​កីឡាករ​រូប​នេះ ពិត​ជាមិនមែន​ជាមនុស្ស​ឡើយ​។ រូប​គេ​បាន​លេង​ការ​ប្រកួត​មួយ​​លើក​រាល់​​៣​ថ្ងៃ​ម្តង​។ នេះ​គឺ​ជា​ឱកាស​មួយ​ក្នុងការ​ដាក់​ឲ្យ​ទាំង Donny (Van de Beek) និង Paul (Pogba) លេង​ក្នុង​ជម្រើស​ដំបូង ប៉ុន្តែ ភាពស៊ី​សង្វាក់គ្នា​ក្នុងការ​ប្រកួតនេះ មិនកើត​ឡើ​ងឡើយ»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia