បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាហ្សង់ទីន Sergio Aguero នឹង​ចាក​ចេញ​ពីក្លិប Manchester City នៅ​ពេល​ដែល​កិច្ច​សន្យា​របស់​គេ​​ផុត​កំណត់​នៅ​ខែ​កក្កដា ខាង​មុខនេះ​។

នេះ​បើ​យោ​ងទៅ​តាម​ការ​ចេញ​ផ្សាយ​របស់​កា​សែត Manchester Evening News កាលពីថ្ងៃចន្ទ​។ Aguero បាន​ចូលរួម​ជាមួយនឹងក្លិប Man City ពីក្លិប Atletico Madrid ក្នុង​ឆ្នាំ​២០១១ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៥៧​គ្រាប់ ក្នុងការ​ប្រកួត​៣៨៤​លើក ចាប់​តាំង​ពី​ពេលនោះមក ដែលនាំ​ឲ្យ​រូប​គេក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ប្រចាំ​ក្លិប​។ លោក Khaldoon Al Mubarak ប្រធាន​ក្លិប Man City បាន​បញ្ជាក់​ថា លោក​នឹ​ងរក្សា​ទុក​ពាក្យ​សម្តី​ដែល​និយាយ​ពី​ការ​ចាក​ចេញ​របស់​គេ​រហូត​ទាល់​តែ Aguero ចាក​ចេញជាផ្លូវ​ការ ប៉ុន្តែ បាន​ប្រកាស​ថា លោក​បាន​រៀប​ចំ​សាង​សង់​រូប​ចម្លាក់​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហើយ​។ លោក Mubarak បាន​ឲ្យដឹងថា៖ «ការ​រួម​ចំណែកជួយ​របស់ Sergio ចំពោះក្លិប Manchester City ក្នុង​រយៈពេល​១០​ឆ្នាំមក មិន​អាច​មើល​រំលង​បាន​ឡើយ​»​។

ស្រប​ពេល​ដែល​ក្លិប Man City កំពុង​តែ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង​របស់​ខ្លួន និង​កំពុង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះពាន Premier League លោក​បាន​បន្ថែម​ទៀត​ថា៖ «នេះ​មិនមែន​ជា​ពេល​វេលា​នៃ​ការនិយាយ​លា​គ្នា​ឡើយ​។ យើង​នៅ​សល់​សមិទ្ធផល​ជាច្រើន​ទៀត​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន»​៕

 

ប្រភព​ព័ត៌​មាន៖ Channel news Asia