បរទេស៖ ក្លិប Manchester City នឹង​ចំណាយ​ក្នុង​ពេលបើក​ទីផ្សារ​ដោះដូរ​កីឡាករ ដើម្បី​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​អាច​ជំនួស​កន្លែង Sergio Aguero បាន ហើយ​ក៏​ពង្រឹង​ចន្លោះ​ខ្វះ​ខាត​ជា​ទូទៅក្នុង​ក្រុម​ផង​ដែរ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Khaldoon Al Mubarak ដែល​ជា​ប្រធានក្លិប​។ ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន Aguero ដែល​​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ Man City តាមរយៈ​ការរក​បាន​២៦០គ្រាប់​នោះ នឹង​ចូលរួម​ជាមួយនឹងក្លិប Barcelona ក្នុងកិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំ នៅ​ខែកក្កដា ក្រោយពី​កិច្ច​សន្យា​របស់​គេ​ផុត​កំណត់​។ លោក Al Mubarak បាន​ប្រាប់​គេហ​ទំ​ព័រ​របស់​ក្លិប កាលពីថ្ងៃ​អង្គារថា៖​ «យើង​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ដ៏​សំខាន់​ម្នាក់​ដូច​ជា Sergio Aguero​។ ក្រុមការ​ងារ​របស់​យើង​កំពុង​តែ​ខិត​ខំព្យា​យាម​ស្វែង​រក​អ្នក​ជំនួស ប៉ុន្តែ ខ្ញុំ​ជឿជាក់ថា យើង​នឹង​រក​ឃើញ​កីឡាករ​ដែលត្រឹម​ត្រូវ​ក្នុង​ការ​បំពេញ​ចន្លោះ​ប្រហោង​នោះ​»​។

លោក​បាន​បន្ថែម​​ទៀត​ថា៖ «មាន​តំបន់​ជាច្រើន​ក្នុង​ក្រុម​នេះ ដែ លត្រូវ​ធ្វើការ​ពង្រឹង ពិត​ណាស់ ក្រុម​នេះ​ត្រូវ​ការ​ការ​បណ្តាក់​ទុន​បន្ថែម​ទៀត​ តែមិន​ច្រើន​ពេកហើយ​។ វា​មិន​អាស្រ័យ​ទៅលើ​តួលេខ​ឡើយ តែ​សំខាន់​លើ​គុណ​ភាព​។ ចំណុច​មួយ​ដែលខ្ញុំ​បាន​រៀន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមក​នេះ​គឺ​ថា អ្នក​ត្រូវ​តែ​នាំយក​ទេពកោសល្យ​ទៅ​បង្ហាញក្នុងក្រុម ជាពិសេស​ពេល​ដែល​អ្នកស្ថិត​ក្នុងកម្រិត​ដ៏ខ្ពស់ និង​ពេល​ដែលអ្នក​ឈរលើ​កំពូល​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia