បរទេស៖ ក្លិប Barcelona កាលពីថ្ងៃចន្ទ​បាន​ប្រកាស​ថា ខ្សែ​ប្រយុទ្ធ Sergio Aguero  របស់​ក្លិប Manchester City នឹង​ចូលរួម​ជាមួយនឹង​ក្លិប​នេះ នៅ​ថ្ងៃ​ទី​១ ខែកក្កដា នៅពេល​ដែល​កិច្ច​សន្យា​របស់​គេ​ជាមួយនឹងក្រុម​ម្ចាស់​ជើង​​​​​ឯក​រង​នៃក្រប​ខ័ណ្ឌ Champions League មួយនេះ ផុត​កំណត់។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Aguero បានចូល​រួម​ជាមួយនឹង​ក្លិប Man City ពី​​ក្លិប​អេ​ស្ប៉ាញ Atletico Madrid ក្នុង​ឆ្នាំ​២០១១ និង​បាន​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ​ប្រចាំ​ក្លិប ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៦០គ្រាប់ ខណៈ​ដែល​រូប​គេ​បាន​ជួយ​ឲ្យ Man City ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League ៥​លើក រួម​ទាំង​ពាន​លីកនៅ​រដូវ​កាល​នេះ​ផងដែរ​។ ក្លិប Barca បានប​ញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំរូបនេះ បាន​ចុះ​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំកាលពីថ្ងៃ​ចន្ទ រួម​ជាមួយ​នឹងលក្ខខណ្ឌ​រំលាយ​លិច្ច​សន្យា​ចំនួន​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១២២,៤លាន​ដុល្លារ​អាមេរិក) នៅ​មុន​ពេលរូប​គេ​បង្ហាញមុខ​ចំពោះ​ក្រុម​អ្នក​យក​ព័ត៌​មាននៅ​ល្ងាច​ថ្ងៃ​ដដែលនោះ​។

Aguero ត្រូវ​បាន​រំពឹង​ទុក​ថា គឺ​ជាកីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​នៅកីឡដ្ឋាន Camp Nou នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​ប្រធាន​ថ្មី​លោក Joan Laporta សម្លឹង​រក​ការ​ជួស​ជុល​ក្រុម Barcelona ដែលត្រឹម​តែ​អាច​ដណ្តើម​បាន​លេខ​៣ នៅ​រដូវ​កាល​នេះ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia