បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski នឹង​ត្រូវ​អវត្ត​មាន​ក្នុងការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២២ របស់​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយ​សារ​តែ​​របួស​ជង្គង់​ស្តាំ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប៉ូឡូញ កាលពីថ្ងៃចន្ទ​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Bayern Munich រូប​នេះ បាន​រង​របួស ក្នុង​ពេលក្រុមខ្លួន​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អង់​ដូ​រ៉ា ក្នុងលទ្ធ​ផល ៣-០ ក្នុង​ទីក្រុង Warsaw ដោយ​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ប៉ុន្តែ ត្រូវ​តែ​ប្តូរ​ចេញ នៅ​នាទី ទី​៦៣​។ សហ​ព័ន្ធ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ការ​ព្យា​បាល​ប្រភេទ​របួស​បែប​នេះ ជា​ធម្ម​តា​ចំណាយ​​ពេល​ពី​ចន្លោះ​​៥ ទៅ​១០​ថ្ងៃ​។ ហេតុនេះ Robert Lewandowski នឹង​វិល​ទៅកាន់​ក្លិប ដែល​ជាកន្លែង​រូប​គេ​នឹង​ទទួ​ល​ការ​ព្យា​បាល​បន្ថែម​ទៀត​»​។ ការ​អវត្ត​មាន Lewandowski នឹង​ផ្តល់​ការ​ខក​ចិត្ត​ដ៏ធំមួយ​ចំពោះ​ប៉ូឡូញ ដែល​​កំពុង​តែ​ពឹងផ្អែក​ទៅលើ​តារាឆ្នើម​របស់​ពួកគេ​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អង់គ្លេស នៅ​ក្នុង​ការ​ប្រកួត​ដែល​គេ​ចាត់​ទុ​ក​ថា គឺ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​បំផុត​ក្នុង​យុទ្ធនា​ការ​ជម្រុះ​របស់​ពួកគេ​។

ប៉ូឡូញ បច្ចុប្បន្ន​កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ពូល I ដោយ​មាន​៤ពិន្ទុ ដោយ​តាមពីក្រោយ​ក្រុម​របស់​លោក Gareth Southgate ចំនួន​២ពិន្ទុ និង​ស្មើ​ពិន្ទុ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហុងគ្រី ក្រោយពី​បាន​​បញ្ចប់​ក្នុង​លទ្ធ​ផល ៣-៣ ក្នុង​ទីក្រុង Budapest និង​ដណ្តើម​បាន​ជ័យ​ជម្នះ​កាលពី​ថ្ងៃ​អាទិត្យ​។ Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​២លើក​នោះ ក្រោយ​ពី​រក​បាន​២​គ្រាប់​ពេល​ប្រកួត​ជាមួយនឹង​អង់​ដូរ៉ា និង​១​គ្រាប់​ពេល​ប្រកួត​ជាមួយនឹង​ហុងគ្រី​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia