បរទេស៖ លោក Jose Mourinho បាននិយាយទាំងខឹងសម្បារថា កីឡាកររបស់លោកគឺជាអ្នកដែលត្រូវស្តីបន្ទោស ចំពោះការអនុញ្ញាតឲ្យកីឡាករ Joe Willock រកបានគ្រាប់បាល់តាមស្មើដើម្បីជួយឲ្យក្រុម Newcastle ដណ្តើមបាន១ពិន្ទុ និងផ្តល់ការខកចិត្តក្រុម Tottenham ក្នុងការប្រជែងដណ្តើមលេខ៤។
លោក Mourinho ក៏បានបញ្ជាក់ផងដែរថា លោកបានលុបឈ្មោះកីឡាករ Toby Alderweireld និង Serge Aurier ចេញពីក្រុម ក្នុងពេលទទួលបានលទ្ធផលស្មើ ២-២ កាលពីថ្ងៃអាទិត្យ ដោយសារតែខ្សែការពារទាំង២នាក់ មិនវិលត្រឡប់ពីការបំពេញការតព្វកិច្ចអន្តរជាតិឲ្យទាន់ពេលវេលាដើម្បីទទួលការធ្វើតេស្តរកកូវីដ ១៩។ លោក Mourinho បានបញ្ជាក់ថា Spurs «បង្កើតឲ្យមានអស្ថិរភាពដោយខ្លួនឯង» ក្រោយពីខ្សែប្រយុទ្ធ Harry Kane ទំនងដូចជាបានជួយឲ្យពួកគេស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឡើងឈរពីលើក្រុម Chelsea នៅតារាងលីក។
នៅពេលដែលត្រូវបានចោទសួរថា ក្រុមរបស់លោកជាធម្មតាខ្លាំងក្នុងតំបន់ការពារ អ្នកចាត់ការទូទៅរបស់ Tottenham បានឆ្លើយតបថា៖ «គ្រូបង្វឹកតែមួយ តែកីឡាករផ្សេងគ្នា។ មានកំហុសជាច្រើនដែលខ្ញុំមិនគួរចាត់ទុកជាកំហុសឡើយ ពីព្រោះកំហុសទាំងនោះទាក់ទងនឹងគុណភាពដែលកីឡាករមាន»៕
ប្រភពព័ត៌មាន៖ The Guardian