បរទេស៖ លោក Pep Guardiola បាន​កោត​សរសើរ «សមត្ថភាព​ដ៏​អស្ចារ្យ» របស់​ខ្សែ​ប្រយុទ្ធ Erling Haaland នៃ​ក្លិប Borussia Dortmund ខណៈដែល​​​លោក​បាន​ទទួល​ស្គាល់​ថា Manchester City អាច​នឹង​ចំណាយ​ទឹក​ប្រាក់​ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​នាំ​យក​កីឡាករ​ម្នាក់​ដែល​កម្រិត​​ដូច​រូប​គេ​។

Man City គឺ​ជាក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​​កំពូល​ៗ​ដែល​​ទាក់​ទង​ចង់​ផ្ទេរ Haaland ក្នុង​ពេល​បិទ​រដូវ​កាល​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ន័រ​វែស​រូបនេះ ​កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទក្តៅ​នៃ​ការ​ពិភាក្សា​នានា​នៅ​អឺ​រ៉ុប ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៣​គ្រាប់ ក្នុង​ការ​ប្រកួត​៣២​លើក​នៅ​រដូវ​កាល​នេះ​ ស្រប​ពេល​ដែល​រូប​គេ​បានក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​រក​បាន​២០​គ្រាប់​ក្នុងក្រប​ខ័ណ្ឌ Champions League​។ ដោយ​​ស្គាល់​ពី​សមត្ថភាព​របស់ Haaland យ៉ាង​ច្បាស់ លោក Guardiola គ្រូបង្វឹក​របស់ក្រុម Man City មានឱកាស​មើល​កាន់​តែ​កៀក នៅពេល​ដែល​ក្រុម Dortmund ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Etihad ដើម្បី​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ នៅ​​រាត្រីនេះ​។

លោក Guardiola បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃ​ចន្ទ​ថា៖ «រូប​គេ​មាន​កម្រិត​លេង​ដ៏​អស្ចារ្យ​បើ​គិត​ចាប់​អាយុ​របស់​​គេ​។ តួ​លេខ​​គឺ​ជា​ភស្តុ​តាង​បង្ហាញឲ្យ​ឃើញ​យ៉ាង​ច្បាស់​។ រូប​គេ​អាច​ស៊ុត​បាល់​​បញ្ចូល​ទី​ពី​ខាង​ស្តាំ ខាង​ឆ្វេង ​ពេល​វាយ​សម្រុក​រហ័ស នៅ​​ក្នុង​ប្រអប់​ទី និងប្រើ​ក្បាល​តែត​​។ រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​គ្រប់​គ្នា​​ដឹង​យ៉ាង​ច្បាស់​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia