បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Haaland បាន​ធ្វើការ​ព្រម​មាន​ដល់គូ​ប្រជែងដ​ណ្តើម​​ពាន​របស់ក្រុម Manchester City ថា រូប​គេ​​នឹង​បង្កើត​​ឲ្យ​បរិស្ថាន​​ប្រកួត​ប្រជែង​កាន់​តែ​ស្វិតស្វាញ ក្នុង​កីឡា​បាល់ទាត់​អង់គ្លេស ខណៈ​​ដែល​តារាឆ្នើម​អន្តរ​ជាតិ​ន័រ​វែស​រូបនេះ ត្រៀម​ខ្លួន​សម្រាប់​ការ​បង្ហាញខ្លួន​ជាលើ​ក​ដំបូង​របស់​គេក្នុងក្រប​ខ័ណ្ឌ Premier League នៅលើ​ទឹកដីក្រុម West Ham នៅ​ថ្ងៃ​អាទិត្យ​។

Haaland គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ដែល​មាន​តម្លៃខ្លួន​ដ៏ខ្ពស់​ម្នាក់ ខណៈ​ដែលក្រ​បខ័ណ្ឌ Premier League បាន​​ចំណាយ​ទឹកប្រាក់​សរុប​ច្រើន​ជាង​១​ពាន់លានផោន (ស្មើ​នឹង​១,២លានដុល្លារ​អាមេរិក) ទៅលើ​ការ​ដោះ​ដូរ​កីឡាករ នៅមុន​​​ពេល​យុទ្ធនា​ការ​ថ្មី​ចាប់​ផ្តើម​។ កីឡាករ​វ័យ​២២ឆ្នាំ​រូបនេះ បាន​ស្ថិត​ក្នុង​​រ៉ា​ដា​របស់ក្លិប​កំពូល​ៗ​ជាច្រើន ក្រោយពី​បាន​​ស៊ុត​បាល់បញ្ចូល​ទី​៨៦​គ្រាប់ ក្នុងការ​ប្រកួត​៨៩​លើក​សម្រាប់​ក្រុម Borussia Dortmund ប៉ុន្តែ បាន​និយាយ​ថា ​បំណងក្នុងការ​​លេង​ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola គឺ​ជា​ហេតុ​ផល​ចម្បង​​របស់​គេក្នុងការ​ជ្រើស​រើសយក Man City​។

Haaland បានប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ក្នុង​នាម​​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់ ការ​លេង​ឲ្យ​​លោក Pep Guardiola ការ​លេង​ឲ្យ​ក្លិប​ដ៏​ខ្លាំង​បំផុត​នៅអង់គ្លេស ខ្ញុំ​​ត្រូវ​តែ​រក្សា​ការ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​កាន់​​​តែ​ល្អ​ប្រសើរ​។ នោះគឺ​ជាកត្តា​ដែលខ្ញុំ​ចង់​​លេង​បាល់ទាត់​​ឲ្យ​បានច្រើន​​។ អ្នកតែង​តែ​​អាច​អភិវឌ្ឍ អ្នក​តែ​ង​តែ​អាច​ធ្វើ​ឲ្យកាន់តែល្អ​ប្រសើរ​ក្នុង​កីឡា​នេះ​»​​។ ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​​របស់​អង់​គ្លេស​មួយនេះ គឺ​ជា​ក្លិប​ទី​៥​របស់ Haaland ក្រោយពី​បាន​ចំណាយ​ពេលនៅក្លិប Bryne, Molde និង Red Bull Salzburg មុននឹងចូល​រួម​ជាមួយនឹងក្លិប Dortmund​៕

 

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia