បរទេស៖ ខ្សែ​ប្រយុទ្ធ Erling Haaland បាន​និយាយ​ថា ការ​ផ្ទេរ​របស់​គេ​ទៅកាន់​ក្លិប Manchester City ពីក្លិប Borussia Dortmund គឺ​ជា​ការ «ផ្ទេរ​ដ៏អស្ចារ្យ» សម្រាប់​អាជីព​របស់​គេ ខណៈ​ដែល​​កីឡាករ​អន្តរ​ជាតិ​ន័រ​វែស​រូបនេះ មាន​បំណង​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ឈ្នះ​ពាន​បន្ថេម​ជា​ច្រើន​ទៀត​។

Man City បាន​ប្រកាស​កាលពី​ខែមុន​ថា ពួក​គេ​បាន​ឈ្នះក្នុង​ការ​ប្រជេង​ជាមួយនឹងក្លិប​ធំ​ៗនៅ​អឺ​រ៉ុប ដើម្បី​​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ក្លិប​យក្ស​របស់​អាល្លឺ​ម៉ង់ ក្រោយពី​បាន​ចំណាយ​ប្រាក់​រំលាយ​កិច្ច​សន្យា​​របស់ Haaland ចំនួន​៥១លានផោន (ស្មើ​នឹង​៦៣លាន​ដុល្លារ​អាមេរិក)​។ ការ​ផ្ទេរ​របស់​កីឡាករ​វ័យ​២១ឆ្នាំ​រូបនេះ ត្រូវ​បាន​បំពេញ​ជាផ្លូវ​ការ​ កាលពីថ្ងៃចន្ទ ខណៈ​ដែល Haaland បាន​ចុះ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​ ដើម្បី​ដើ​រ​តាម​ជំហានឪពុក​របស់​ខ្លួនគឺ​លោក Alfie Inge Haaland ដែល​បាន​លេង​ឲ្យ​ក្លិប Man City នៅចន្លោះ​ឆ្នាំ​២០០០ និង​២០០៣​។

Haaland បាន​ឲ្យដឹង​ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏​មានមោទ​នភាព​សម្រាប់​ខ្ញុំ និង​គ្រួ​សារ​ខ្ញុំ​។ ខ្ញុំ​តែង​តែ​ទស្ស​នា​ការ​ប្រកួត​របស់ Man City និង​​ពេញ​ចិត្ត​នឹង​សមិទ្ធ​ផល​នា​រដូវកាល​ថ្មី​​ៗនេះ​»​។ តារាឆ្នើម​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់​ស៊ុត​បាល់បញ្ចូល​ទី​ឲ្យ​បាន​ច្រើន​គ្រាប់ ឈ្នះពាន​រង្វាន់​ជាច្រើន និង​អភិវឌ្ឍ​ក្នុងនាម​ជា​កីឡាករ​បាល់​ទាត់​ម្នាក់ ហើយ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​ធ្វើ​បាន​។ នេះ​គឺ​ជា​ការផ្ទេរ​ដ៏អស្ចារ្យ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ចង់​លេង​​ការ​ប្រកួតមុន​បើក​រដូវកាល​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia