បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​បញ្ជាក់​ថា លោក​នឹង​មិន​សម្លឹង​រក​ការ​សង​សឹក​ទៅលើ​ក្រុម Real Madrid ចំពោះ​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពីឆ្នាំ​២០១៨ ឡើយ បើ​ទោះ​បី​​លោក​បាន​ផ្ទុះ​កំហឹង​ដាក់​ខ្សែ​ការ​ពារ Sergio Ramos ដែល​បាន​​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Mohamed Salah រង​របួស ក្នុង​ទីក្រុង​គៀវ​ក៏ដោយ​។

Salah ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤៤​គ្រាប់​ក្នុ​ង​យុទ្ធនា​ការ​ជាលើក​ដំបូង​របស់​គេ​ជាមួយនឹង Liverpool ក្នុង​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨ បាន​​រង​របួស​ស្មារ ក្រោយពី​ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​ដោយ​ Ramos នៅ​ពាក់​កណ្តាល​តង់​ទី​១​។ Real បាន​បន្ត​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប​ជាលើក​ទី​៣​ជាប់​ៗ​គ្នា​របស់​ខ្លួន ក្រោយពី​ការ​ប្រព្រឹត្ត​កំហុស​របស់​អ្នក​ចាំទី Loris Karius របស់ក្រុម Liverpool និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់ Gareth Bale​។ ក្រុម​ទាំង​២ នឹង​ត្រូវ​ជួប​គ្នា​ជាលើក​ដំបូង​ បើ​គិត​ចាប់​តាំង​ពី​ការ​ប្រកួត​នោះ នៅ​រាត្រីនេះ សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​រដ្ឋ​ធានី​អេ​ស្ប៉ាញ​។

លោក Klopp បាន​ឲ្យដឹងថា៖ «ខ្ញុំ​បាន​និយាយ​នៅ​ពេលនោះ​ថា ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ក្នុង​រយៈ​ពេល​១​សប្តាហ៍ ឬ​១ខែក្រោយមក ថា ខ្ញុំ​នឹង​អញ្ជើញ Sergio Ramos ចូល​​រួម​ថ្ងៃ​ខួប​កំណើត​លើក​ទី​៦០​របស់​ខ្ញុំ​ដែរ ឬ​ទេ? ខ្ញុំ​នឹង​​ឆ្លើយ​ថា ទេ មិន​អញ្ជើញ​ឡើយ​។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​ដែល​បាន​កើត​ឡើង​នៅ​​រាត្រី​នោះ​ឡើយ​។ នោះ​គឺ​ជា​រាត្រី​ដ៏​ចម្លែក ប៉ុន្តែ ហេតុការ​ណ៍​​នោះ​មាន​រយៈពេល​ជា​យូរ​មក​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia