បរទេស៖ ខ្សែបម្រើប្រយុទ្ធ Phil Foden បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៩០ ខណៈដែលក្រុម Manchester City បានដណ្តើមការនាំមុខដ៏ស្តួចស្តើងក្នុងលទ្ធផល ២-១ ពីការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Borussia Dortmund កាលពីថ្ងៃអង្គារ។
ខ្សែបម្រើស្លាប Kevin De Bruyne បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១៩ សម្រាប់ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League ប៉ុន្តែ ក្រុម Dortmund រកបានគ្រាប់បាល់ក្រៅដីដ៏សំខាន់ នៅពេលដែលខ្សែប្រយុទ្ធ Erling Haaland បានបញ្ជូនបាល់ទៅឲ្យកីឡាករ Marco Reus ដើម្បីរកបានគ្រាប់បាល់តាមស្មើវិញនៅរយៈពេល៦នាទីចុងក្រោយ។ Foden បានខ្ជះខ្ជាយឱកាសជាច្រើន ដើម្បីបន្ថែមការនាំមុខសម្រាប់ក្រុម Man City ក្នុងការប្រកួតតង់ទី២ ប៉ុន្តែ បានស្តារមុខមាត់វិញ នៅជិតបញ្ចប់ការប្រកួតដើម្បីជួយឲ្យក្រុមរបស់លោក Pep Guardiola មានប្រៀប ខណៈដែលការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនៅអាល្លឺម៉ង់ នាថ្ងៃទី១៤ ខែមេសា។
ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Vinicius Junior បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Real Madrid បានដណ្តើមយកប្រៀបទៅលើការធ្វើឲ្យមានកំហុសនៅតំបន់ការពាររបស់ក្រុម Liverpool ដើម្បីដណ្តើមយកឈ្នះ ៣-១ និងដើម្បីខិតកាន់តែកៀកទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ Channel News Asia