បរទេស៖ ក្រុម Paris Saint-Germain កំពុង​តែ​សម្លឹង​រក​ការ​សង​សឹក​ចំពោះការ​ចាញ់​របស់​ពួក​គេ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​រដូវ​កាល​មុន នៅពេល​ដែលពួក​គេ​​ត្រូវ​ជួបគ្នា​ជាមួយនឹងក្រុម Bayern Munich ម្តង​ទៀត ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុម​ចុងក្រោយ​នៅសប្តាហ៍​នេះ។

ប៉ុន្តែ​ ទោះ​បី​ជា​យ៉ាង​ណា ​ក្រុម​យក្ស​របស់​បារាំងមួយនេះ ហាក់​ដូច​ជា​បាត់​បង់​ភាពខ្លាំង​របស់​ខ្លួន បើ​គិត​ចាប់​តាំងពី​ពេលនោះ​មក បើ​ទោះ​បី​លោក Mauricio Pochettino ធ្វើ​ជា​គ្រូបង្វឹក​ក៏ដោយ​។ ព័ត៌​មាន​ស្តីពីការ​អវត្តមាន​តារាឆ្នើម Robert Lewandowski សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​១ នៅ​កីឡដ្ឋាន Allianz Arena នៅរាត្រីនេះ បាន​កើត​ឡើង​ ស្រប​ពេល​ដែលក្រុម PSG ហាក់​​មាន​កម្រិត​​លេង​រឹង​មាំ​ឡើង​វិញ ជាពិសេស​​ចំពេល​ដែល​ខ្សែ​ប្រយុទ្ធ Neymar ជា​សះ​ស្បើយ​ពីរ​បួស ក្រោយពី​ការ​អវត្តមាន​​ចុងក្រោយ​បំផុត​របស់​គេ​។ ទោះ​បី​ជា​យ៉ាងណា ក្រុម PSG មិនបាន​ត្រូវ​ការ Neymar ឡើយ នៅពេល​ដែលពួកគេ​បាន​បង្ហាញពី​ទម្រង់​លេង​​យ៉ាងល្អ​ឥត​ខ្ចោះ ក្នុង​យុទ្ធនា​ការ​មក​ទល់​ពេល​នេះ ដើម្បីផ្តួល​ក្រុម Barcelona ក្នុងលទ្ធផល ៤-១ ក្នុងការ​ប្រកួតក្រៅដី កាលពី​​ជុំ​មុន​។

ប៉ុន្តែ ពេល​នេះ សម្ពាធ​ផ្សេង​ៗកំពុង​តែ​ធ្លាក់​លើ​ក្រុម PSG ក្រោយពី​ពួកគេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Bayern ក្នុង​ទីក្រុង Lisbonកាលពី​ខែ​សីហា ឆ្នាំមុន​។ លោក Pochettino អតីត​គ្រូបង្វឹកក្រុម Tottenham Hotspur បាន​បញ្ជាក់​ប្រាប់​កាល​ពី​ខែមុន​ថា លោក​ត្រូវ​ការ​ពេល​ដើម្បី​បង្កើត​សមិទ្ធិ​ផល​នៅកីឡដ្ឋាន Parc des Princes ហើយ​ថា លលោក​មិន​អាច​ផ្លាស់ប្តូរ​ស្ថាន​ភាពក្រុម​ឡើយ លុះ​ត្រា​រហូត​ដល់​មុន​រដូវ​កាល​ក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia