បរទេស៖ ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដើម្បី​ជួយឲ្យ​ក្រុម Paris Saint-Germain ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុងលទ្ធ​ផល ៣-២ នៅ​លើ​ទឹកដីក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Bayern Munich ក្នុង​ការ​ប្រកួតក្រប​​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ ក្នុង​ជំនួប​ម្តង​ម្តង​ទៀតរវាងក្រុម​ទាំង​២ ក្រោយពី​បាន​ជួប​គ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីឆ្នាំ​មុន​។

ក្រុម Bayern ​បានប​ញ្ចប់​ការ​ឈ្នះ​​ជាប់​ៗ​គ្នា​របស់​ពួក​គេ​ត្រឹម​១៩​ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្រោយពី​បាន​រង​បរា​ជ័យ​​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌអឺ​រ៉ុប បើ​គិត​ចាប់​តាំង​ពីខែមីនា ឆ្នាំ​២០១៩ ខណៈ​លោក​គ្រូបង្វឹក Hansi Flick បាន​ចាញ់​ជាលើក​ទី​១​របស់​លោក​នៅ​អឺ​រ៉ុប​។ ក្រុម PSG បាន​នាំមុខ ២-០ ក្រោយពី​លេង​បាន​២៨នាទី នៅ​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Allianz Arena ខណៈ​ដែល Neymar ជា​អ្នក​ជួយ​ឲ្យ Mbappe និង Marquinhos រក​បាន​គ្រាប់​បាល់​បញ្ចូល​ទី​។

Bayern ដែល​អវត្ត​មាន​ខ្សែ​ប្រយុទ្ធឆ្នើម​របស់​ខ្លួន Robert Lewandowski ដោយ​សារ​តែ​របួស​ក​ជើង​នោះ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ តាម​រយៈ​គ្រាប់​បាល់​តែត​បញ្ចូលទីពី​កីឡាករ Eric Maxim Choupo-Moting និង Thomas Mueller​។ ទោះ​​បី​ជា​យ៉ាង​ណា Mbappe បាន​បង្ហាញពី​កម្រិត​​លេង​ដ៏អស្ចារ្យ​របស់ខ្លួន ដើម្បី​រក​គ្រាប់​បាល់​ទី​ដ៏​ល្អ និង​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​មាន​ប្រៀប​ មុន​នឹង​ឈាន​ទៅ​ប្រកួត​ក្នុង​ជើង​ទី​២ នៅ​ទីក្រុង​ប៉ា​រីស នា​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia