បរទេស៖​ ក្រុម​បិសាច​ក្រហម Manchester United បាន​ផ្តួល​ក្រុម​អេ​ស្ប៉ាញ Granada ក្នុងលទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Europa League វគ្គ​៨ក្រុម​ចុងក្រោយ​របស់​ពួក​គេ កាលពីថ្ងៃព្រហស្បតិ៍ ស្រប​ពេល​ដែល​ក្រុម Arsenal របូត​គ្រាប់​បាល់​តាម​ស្មើ​នៅ​ជិត​បញ្ចប់​​ការ​​ប្រកួត ក្នុង​ពេល​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹកថដី​ខ្លួន​ឯង ក្រោមស្នា​ដៃក្រុម​ក្រុម​ម្ចាស់​ជើង​​ឯក​ឆែក Slavia Prague​។

ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​ទទួល​​បាល់បញ្ជូន​ពី​ចម្ងាយ ពី​កីឡាករ Victor Lindelof ដើម្បី​​ស៊ុត​បាល់​បញ្ចូល​ទៅ​ជួយ​ឲ្យ​ក្រុម Man United នាំមុខ​មុន នៅកីឡដ្ឋាន Los Carmenes នៅ​នាទី ទី​៣១ ពេល​ប្រកួត​ជាមួយនឹងក្រុមដែល​កំពុង​តែ​បង្ហាញខ្លួន​ជាលើក​ដំបូង​ក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​។ Bruno Fernandes បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ដើម្បី​បន្ថែម​ការ​នាំ​មុខ​សម្រាប់​ក្រុម​ខ្លួន ក្រោយពី​រូប​គេ​ត្រូវ​បាន​ធ្វើ​​ឲ្យ​ដួល​ដោយ​កីឡាករ Yan Eteki ខណៈ​ដែល​ការ​ស៊ុត​បាល់​ពី​ចំណុច​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែ​បម្រើ​អន្តរ​ជាតិ​ព័រ​ទុយហ្គាល់​រូបនេះ បាន​រត់​ចូល​តាម​ប្រឡោះ​ដៃ​របស់​អ្នក​ចាំទី Rui Silva​។

ជាមួយ​គ្នា​នេះ ការ​មាន​ទម្រង់លេង​មិន​ល្អ​ក្នុងការ​ប្រកួត​របស់ Arsenal ក្រោម​ការដឹកនាំ​របស់​លោក Mikel Arteta បាន​ធ្វើ​ឲ្យ​ក្រុម​កាំភ្លើង​ធំមួយនេះ ដាក់​ក្តី​សង្ឃឹម​ក្នុង Europa League ក្នុ​ង​ការ​ប្រជែង​ដណ្តើម​ពាន​នៅ​ឆ្នាំនេះ ប៉ុន្តែ ក្រុម​ជើង​​​ឯក​រង​ឆ្នាំ​២០១៩​មួយនេះ បាន​ជួប​ការ​ខក​ចិត្ត​តាមរយៈ​គ្រាប់​បាល់​តាម​ស្មើ​របស់ Tomas Holes នៅ​នាទី ទី​៩៤​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia