បរទេស៖ ក្រុម Atletico Madrid បាន​ឡើង​ទៅ​ឈរ​លើកំពូល​តា​រាង​នៃក្រប​ខ័ណ្ឌ La Liga វិញ​កាលពីថ្ងៃ​អាទិត្យ ក្រោយពី​ការ​​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជា​មួយនឹងក្រុម Real Betis បាន​ជួយ​ឲ្យ​ពួកគេនាំមុខ​១ពិន្ទុ​លើ​ក្រុម Real Madrid​។ បើ​ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ Luis Suarez បាន​អវត្ត​មាន​ក៏ដោយ ប៉ុន្តែ Atletico បាន​រក​គ្រាប់​បាល់​នាំមុខ​មុន ក្រោយពី​លេង​បាន​៥នាទី ដែលនៅពេល​នោះ ខ្សែ​​​បម្រើ​ស្លាប​អន្តរ​ជាតិ​បែលហ្ស៊ិក Yannick Carrasco បាន​ស៊ុត​បាល់បញ្ចូល​ទី​​យ៉ាង​ងាយស្រួល​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Betis ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខ​៦ នៅលើ​តារាង និង​ប្រជែង​យក​កៅអី​ក្នុងក្រប​ខ័ណ្ឌអឺ​រ៉ុប​នៅ​រដូវ​កាល​ក្រោយ​នោះ បាន​រក​គ្រាប់​បាល់​តាមស្មើ​វិញ​ក្នុង​រយៈ​ពេល​១១៥នាទីក្រោយមក​។ កីឡាករ Cristian Tello បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ពី​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ក្រោយពីការ​បញ្ជូន​បាល់​ពី​កីឡាករ Alex Moreno​។ កាលពីថ្ងៃ​សៅរ៍ ក្រុម Real Madrid បាន​ឡើង​ឈរ​លេខ១ ក្រោយពី​ការ​យកឈ្នះលើក្រុម Barcelona ២-១ ក្នុងជំនួប​ដែលគេហៅ​ថា Clasico​។

លោក Simeone ដែល​អវត្តមានកីឡាករឆ្នើម​ៗ​ដូចជា Luis Suarez, Marcos Llorente, Moussa Dembele និង Geoffrey Kondogbia បាន​បញ្ជាក់ថា៖ «យើង​មាន​បញ្ហា​នៅ​តង់​ទី​២​។ ប៉ុន្តែ ខ្ញុំ​មាន​កីឡាករ​ដែលប្រឹង​អស់ពី​សមត្ថភាព​។ យើង​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​ត្រូវ​តែ​រឹង​មាំ​។ រឹង​មាំ គឹ​ជា​ពាក្យ​ដែល​ខ្ញុំ​ចង់​បាន​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia