បរទេស៖ ក្រុមម្ចាស់ផ្ទះ Brighton មានឱកាសរកបាន១ពិន្ទុពីក្រុមភ្ញៀវ Everton ដើម្បីខិតកាន់តែកៀកទៅកាន់តំបន់សុវត្ថិភាព​នៃក្របខណ្ឌ Premier League សម្រាប់ការប្រកួតក្នុងលទ្ធផលស្មើគ្នានៅឯកីឡដ្ឋាន Amex កាលពីយប់​ថ្ងៃច័ន្ទ​។ គិត​ត្រឹម​សប្តាហ៏ទី៣១នេះ Brighton បានឡើងមកឈរនៅលេខរៀងទី ១៥ ដោយមានគម្លាត៧ ពិន្ទុពីលើក្រុមលេខ ១៨ Fulham ដែល​លេងបានដល់៣២ប្រកួតទៅហើយ។

Brighton មានឱកាសធ្វើការវាយសម្រុកបានច្រើនលើក ប៉ុន្តែមិនមានសំណាងទាល់តែសោះ ខណៈដែលក្លឹប Everton បានមានឱកាសស៊ុតតិចបំផុត ហើយក៏មិនទទួលបានលទ្ធផលដូចគ្នា។

ក្លឹប Everton បានអវត្តមានខ្សែប្រយុទ្ធឆ្នើម Dominic Calvert-Lewin ដោយសារតែ​របួស​ ហើយលទ្ធផលចែកគ្នាម្នាក់១ពិន្ទុនេះគឺមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមលោក Carlo Ancelloti មានកៅអីទៅលេងនៅ ក្រប​ខ័ណ្ឌ Champions League នៅឡើយទេ ព្រោះតែក្រុមកំពុងឈរនៅលេខរៀងទី៨​នៅមា​ន​គម្លាត​ពីក្រុមលេខ ៤ West Ham ចំនួន ៧ ពិន្ទុឯណោះ៕

ប្រភពព័ត៍មាន៖ BBC