បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានទទួលរងរបួសបន្ទាប់ពីស៊ុតបាល់បញ្ចូលទី២គ្រាប់ជួយអោយក្លឹប Tottenham​ Hotspur តានស្មើក្នុងលទ្ធផល២ទល់និង២ជាមួយក្លឹប Everton សម្រាប់ការប្រកួតលីកកំពូលអង់គ្លេសកាលពីយប់ថ្ងៃសុក្រនៅឯកីឡដ្ឋាន Goodison Park ខណៈនៅសល់ពេលត្រឹម៩ថ្ងៃទៀតប៉ុណ្ណោះមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup និង  ៥៨ថ្ងៃនៃព្រឹត្តិការណ៍ Euro ប៉ុន្តែ Kane កំពុងតែប្រឈមនិងអវត្តមាន ដោយសារបញ្ហារបយសកជើង។

ទាក់ទងបញ្ហានេះអ្នកចាត់ការទូទៅ Jose Mourinho បានបញ្ជាក់ប្រាប់ថា រូបលោកមិនដឹងថា «តើរបួសនោះធ្ងន់ធ្ងរប៉ុណ្ណាទេ។ នោះក៏ជាសំណួរដែលខ្ញុំចង់បានចម្លើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាលឿនពេកហើយ។ សម្រាប់ Kane​ រាល់​ពេលវត្តមានរបស់គាត់គឺតែងតែរកគ្រាប់បាល់បានជានិច្ចដូច្នេះគាត់ពិតជមានសារៈសំខាន់សម្រាប់យើង»។

លទ្ធផលស្មើគ្នានេះនាំអោយ Tottenham បន្តនៅឆ្ងាយពីចំណាត់ថ្នាក់ក្រុមកំពូលទាំង៤គឺក្រុមលេខរៀងទី៤ West Ham  ចំនួន៧ពិន្ទុ ខណៈ Everton ឈរនៅលេខរៀងទី៨ និង មានគម្លាត ១ពិន្ទុប៉ុណ្ណោះដោយពួកគេនៅសល់១ប្រកួតក្នុងដៃ​គិត​ត្រឹម​​សប្តាហ៏ទី​៣២៕

ប្រភពព័ត៍មាន៖ BBC