បរទេស៖ លោក Julian Nagelsmann គឺ​ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់ក្រុម​​បណ្តាញ​សារ​ព័ត៌​មាន​អាល្លឺ​ម៉ង់ ក្នុងការក្លាយ​ជា​គ្រូបង្វឹក​បន្ទាប់​របស់ក្លិប Bayern Munich បន្ទាប់​ពី​លោក Hansi Flick បាន​ប្រកាស​ថា លោក​​ចង់ចាក​ចេញពី​ក្លិប​នេះ ដើម្បី​ទៅ​ដឹក​នាំក្រុម​បាល់​ទាត់ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​។

បើ​ទោះ​បី​ដឹកនាំ​ឲ្យក្រុម​ Bayern លើក​ពាន​៣​ក្នុង​រដូវ​កាល​តែ​មួយតាមរយៈ​ការ​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League កាលពី​រដូវក្តៅ​មុន​ក៏ដោយ ប៉ុន្តែ លោក Flick បាន​បង្កើត​ការភ្ញាក់​ផ្អើល​​តាម​រយៈ​កីឡា​បាល់ទាត់​អាល្លឺ​ម៉ង់ កាលពីថ្ងៃ​សៅរ៍ តាម​រយៈ​ការ​ប្រកាស​ថា លោក​ចង់​​រំលាយ​កិច្ច​សន្យា​​របស់​លោក​នៅក្លិប Bayern ដោយ​កិច្ច​សន្យា​នោះ មាន​សុពល​ភាព​រហូត​ដល់​ឆ្នាំ​២០២៣ នៅ​ពេល​បញ្ចប់​រដូវ​កាល​នេះ​។ លោក Flick បាន​បញ្ជាក់​ថា «ហេតុ​ផល​នៃការ​ចាក​ចេញ​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​នៅពេលនេះ» ប៉ុន្តែ ការ​មាន​ទំនាក់ទំនង​មិនល្អ​ជា​មួយនឹង​លោក Hasan Salihamidzic ប្រធាន​ផ្នែក​កីឡា​របស់ក្លិប Bayern ជុំ​វិញ​ការ​ទិញ​ចូលកីឡាករ​ថ្មី​ និង​ផែន​ការ​រៀប​ចំ​ក្រុម​ ត្រូវ​បាន​គេ​ជឿជាក់​ថា គឺ​ជា​កត្តា​មួយ​។

លោក Lothar Matthaeus អតីត​ប្រធានក្លិប Bayern និង​​ជា​អ្នក​អធិប្បាយ​តាម​ប៉ុស្តិ៍​ទូរ​ទស្សន៍ បាន​ប្រាប់​ទូរ​ទស្សន៍ Sky កាលពីថ្ងៃ​​អាទិត្យ​ថា៖ «គាត់​នឹងមាន​ការ​ធូរស្រាល ប្រសិន​បើ​បានទំនាក់ទំនង​បញ្ហា​នេះ ជាផ្លូវ​ការ​។ គ្មាន​​ផ្លូវ​ដែល​ត្រូវ​ដោះស្រាយ​ទៅលើ​ភាព​តាន​តឹង​រវាង​លោក​ Flick និងលោក Salihamidzic ឡើយ»៕ ​

 

ប្រភព​ព័ត៌មាន៖ Channel News Asia