បរទេស៖ លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester City បាន​រិះ​គន់​ទៅលើ​​រូប​មន្ត​​របស់​ពាន European Super League តាម​រយៈ​ការ​បញ្ជាក់​ថា រូប​មន្ត​នេះ មិនមែន​ជា​កីឡា​ឡើយ ព្រោះ​ការ​ជោគ​ជ័យ​ត្រូវ​បាន​ធា​នាឲ្យ​រួច​ជាស្រេច​។

Man City គឺ​ជា​ក្លិបមួយ​ក្នុង​ចំណោម​ក្លិប​ទាំង​១២ ដែល​បាន​ចុះ​ហត្ថលេខា​លើ​​សំណើ​​នៃការ​បង្កើត​​​ពាន​នេះ រួម​ជាមួយនឹង​ក្លិប Manchester United, Liverpool, Chelsea, Arsenal, Tottenham, Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan​។ ក្រប​ខ័ណ្ឌ Super League នឹងផ្តល់​កៅអី​​សម្រាប់​សមា​ជិក​ដែល​ស្ថាប​និក​ទាំង​១៥ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​លុប​ចោល​​ភាព​មិនច្បាស់នៃ​ការ​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត និង​ហានិភ័យ​នៃ​ការ​​បាត់​បង់​ប្រាក់​ចំណេញ​។ លោក Guardiola បាន​ឲ្យ​កាលពីថ្ងៃ​អង្គារ​ថា៖ «រូបមន្ត​បែបនេះ មិនមែន​ជាកីឡា​ឡើយ នៅពេល​ដែល​ទំនាក់ទំនង​រវាង​កិច្ច​ខិត​ខំប្រឹង​ប្រែង និង​រង្វាន់ មិនមាន​។ វា​មិនមែន​ជាកីឡា​ឡើយ នៅ​ពេល​ដែល​ភាព​ជោគ​ជ័យ​ត្រូវ​បាន​ធានា​ឲ្យ​រួច​ជាស្រេច​។

វាមិនមែន​ជា​​កីឡា​ទេ ប្រសិន​បើ​​អ្នក​មិន​បារម្ភ​សោះ​ទោះ​បី​ជា​ចាញ់​ក៏ដោយ​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «វាមិ​នមាន​ភាព​យុត្តិ​ធម៌​ឡើយ នៅពេល​ដែល​ក្រុម​មួយ​ខំ​ប្រយុទ្ធរហូត​ដល់​ចំណុច​កំពូល ហើយ​ក្រោយ​មក មិនអាច​ឈ្នះកៅអី​ទៅលេង ពីព្រោះ​ភាព​ជោគ​ជ័យ​​ត្រូវ​បាន​ធា​នា​ឲ្យ​សម្រាប់​តែ​ក្លិប​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia