បរទេស៖ លោក Pep Guardiola បានបញ្ជាក់ថា តួនាទីរបស់ក្រុម Manchester City ក្នុងភាពចម្រូងចម្រាស់នៃពាន European Super League គឺជា «ទំព័រដែលបិទជិត» ខណៈដែលលោកជំរុញឲ្យកីឡាកររបស់លោកផ្តោតលើការលើកពាន Premier League ក្រោយពីបានយកឈ្នះលើក្រុម Aston Villa ២-១ កាលពីថ្ងៃពុធ។
Man City បានចុះហត្ថលេខាគាំទ្រការបង្កើនពានថ្មី Super League កាលពីថ្ងៃអាទិត្យ នៅមុនពេលការចាប់ផ្តើមដួលរលំនៃយុទ្ធនាការនេះ ក្នុងរយៈពេល៤៨ម៉ោងក្រោយមក នៅពេលដែលពួកគេបានក្លាយជាក្លិបដំបូងគេក្នុងការដកខ្លួនចេញជាផ្លូវការ ក្រោយពីការផ្ទុះកំហឹងយ៉ាងខ្លាំងក្លាពីសាធារណៈជន។ ក្រុមរបស់លោក Guardiola បានបំភ្លេចរឿងរ៉ាវនៅក្រៅទីលានប្រកួត ដើម្បីវាយបកតាមពីក្រោយ និងទទួលជ័យជម្នះដ៏សំខាន់នៅកីឡដ្ឋាន Villa Park ខណៈដែលក្រុមកំពុងតែនាំមុខលើតារាង Premier League មួយនេះ បាននាំមុខ១១ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester United។
Man City ត្រូវការត្រឹមតែ៨ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួត៥លើកចុងក្រោយ ដើម្បីឈ្នះពានអង់គ្លេសជាលើកទី៣ ក្នុងរយៈពេល៤រដូវកាល ហើយអ្វីដែលោក Guardiola គឺការផ្តោតអារម្មណ៍ ក្រោយពីការប្រកួតជាមួយ Aston Villa។ លោកបានឲ្យដឹងថា៖ «វាជាទំព័រដែលបិទទៅហើយ ខណៈដែលយើងត្រូវតែផ្តោតលើហេតុផលដែលយើងស្ថិតនៅទីនេះ។ យើងខិតកាន់តែកៀកក្នុងការឈ្នះពានហើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia