បរទេស៖ ខ្សែការពារ Matteo Darmian បានរកគ្រាប់បាល់កាត់សេចក្តីក្នុងការប្រកួតដើម្បីជួយឲ្យក្រុម Inter Milan ខិតកាន់តែកៀកក្នុងការលើកពាន Serie A ក្រោយពីបានយកឈ្នះលើក្រុម Hellas Verona ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ខណៈដែលលោកគ្រូបង្វឹក Antonio Conte បានចាត់ទុកជ័យជម្នះនេះថា មានតម្លៃរហូតដល់ទៅ៩ពិន្ទុ។
ខ្សែការពារ Achraf Hakimi បានជួយឲ្យ Darmian រកបានគ្រាប់បាល់ឈ្នះនៅនាទី ទី៧៦ នាកីឡដ្ឋាន San Siro។ Inter កំពុងតែនាំមុខ១១ពិន្ទុពីលើក្រុម Atalanta ដែលបានឡើងឈរក្នុងចំណាត់ថ្នាក់លេខ២ ក្រោយពីបានយកឈ្នះលើក្រុម Bologna ៥-០ ខណៈដែលនៅសល់ការប្រកួតនៅត្រឹមតែ៥លើកទៀតប៉ុណ្ណោះ។ AC Milan កំពុងតែដេញតាមពីក្រោយ២ពិន្ទុបន្ថែមទៀតក្នុងចំណាត់ថ្នាក់លេខ៣ នៅមុនពេលពួកគេធ្វើដំណើរទៅជួបក្រុមឈរលេខ៤ Lazio នៅរាត្រីនេះ។
លោក Conte បានឲ្យដឹងថា៖ «ការទទួលជ័យជម្នះនៅថ្ងៃនេះ មិនមានតម្លៃត្រឹមតែ៣ពិន្ទុ ឬ៦ពិន្ទុឡើយ។ វាមានតម្លៃរហូតដល់ទៅ៩ពិន្ទុ។ យើងធ្វើបាន៩៥%ហើយឆ្ពោះទៅកាន់ការលើកពាន។ យើងមិនទាន់ឈ្នះពានទេ ប៉ុន្តែ យើងកំពុងតែស្ថិតយ៉ាងប្រកៀក»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

