បរទេស៖ ​លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​បញ្ជាក់​ថា ការ​ទទួល​ជ័យ​ជម្នះ​​ធ្វើ​ឲ្យ​មាន​អារម្មណ៍កាន់​តែល្អជា​មួយ​អ្នក​គាំទ្រដែល​បាន​ចូល​រួម​ទស្ស​នា​ដោយ​ផ្ទាល់ ក្រោយពី​បាន​ផ្តួលក្រុម Tottenham ក្នុងលទ្ធ​ផល ១-០ នៅ​កីឡដ្ឋាន Wembley ដើម្បីលើក​ពាន League Cup លើក​ទី​៤​ជាប់​ៗ​គ្នា នៅពី​មុខ​អ្នក​គាំទ្រ​៨០០០នាក់ កាលពីថ្ងៃ​​អាទិត្យ​។

គ្រាប់​បាល់​តែត​បញ្ចូល​ទី​របស់​ខ្សែ​ការ​​ពារ Aymeric Laporte នៅ​រយៈ​ពេល​៨​នាទី​ចុងក្រោយ បានផ្តល់​ជ័យ​ជម្នះ​ដល់​ក្រុម Man City ខណៈ​ដែល​ពួកគេ​ធ្វើ​ឲ្យការ​រង់​ចាំ​របស់ Spurs ដើម្បី​លើក​ពាន​មួយ​នៅ​តែ​បន្តច្រើន​ជាង​រយៈពេល​១៣​ឆ្នាំ​។ ជាលើក​ទី​១​ក្នុង​រយៈពេល​១៣​ខែ ការ​ប្រកួត​កីឡា​បាល់ទាត់នៅ​អង់គ្លេស បាន​​អនុ​ញ្ញាត​ឲ្យ​អ្នក​គាំទ្រ​​របស់​ក្រុម​ទាំង​២ ចូល​​កីឡដ្ឋាន ដើម្បីជា​ការ​សាក​ល្បង នៅកីឡដ្ឋាន Wembley ខណៈ​ដែល​ការ​រិត​ត្បិត​ជុំ​វិញ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា ត្រូវ​បាន​បន្ធូរ​បន្ថយ​។

លោក Guardiola បាន​ឲ្យដឹងថា៖ «អ្នក​គាំទ្រ​មិន​បាន​ចូល​រួម​ទស្ស​នា​ពេញកីឡដ្ឋាន​ឡើយ ប៉ុន្តែ វា​ល្អ​ប្រសើរ​ជាង​មុន​។ ការ​អប​អរ​ជាមួយ​នឹង​ពួក​គេ​គឺ​ជា​រឿង​ល្អ​។ យើង​បានលេង​បាន​យ៉ាងល្អ​។ យើង​ពិត​ជា​រីក​រាយ​ណាស់ក្នុងការ​លើក៤ជាប់​ៗ​គ្នា​ប៉ុន្តែ ជាពិសេស​ដោយ​សារ​តែ​ក្នុងការ​ប្រកួត​៣៣លើក​ចុងក្រោយ យើង​បាន​ឈ្នះ​៣០​ប្រកួត»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia