បរទេស៖ ខ្សែប្រយុទ្ធ Joaquin Correa បានជួយឲ្យ Lazio រក្សាក្តីសង្ឃឹមរបស់ពួកគេ ក្នុងការប្រជែងដណ្តើមកៅអីក្របខ័ណ្ឌ Champions League កាលពីថ្ងៃចន្ទ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម AC Milan ស្របពេលដែល Napoli ឡើងឈរលេខ៣ ក្រោយពីបានយកឈ្នះលើក្រុម Torino ២-០។
Correa បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Lazio ក្រោយពីលេងបានត្រឹមតែ១នាទី នៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម និងបានបន្ថែមគ្រាប់បាល់ទី២ក្នុងរយៈពេលត្រឹមតែ៥វិនាទីបន្ទាប់ពីសម្រាកតង់ទី១។ ខ្សែប្រយុទ្ធ Ciro Immobile បានរកគ្រាប់បាល់ទី៣ នៅរយៈពេល៣នាទីចុងក្រោយ ខណៈដែល Lazio កំពុងតែដេញតាមពីក្រោយចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអី Champions League ចំនួន៥ពិន្ទុ ខណៈដែលនៅសល់ការប្រកួត១លើកទៀតក្នុងដៃ។ ក្រុមរបស់លោក Simone Inzaghi កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយតាមពីក្រោយក្រុម AC Milan ដែលមាន៦៦ពិន្ទុស្មើជាមួយនឹងក្រុម Napoli និង Juventus ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ និងលេខ៤រៀងៗខ្លួន ប៉ុន្តែ AC Milan បានធ្លាក់ទៅឈរលេខ៥ ក្រោយពីការរងបរាជ័យក្នុងលីកជាលើកទី២ជាប់ៗគ្នារបស់ពួកគេ។
ពួកគេមាន១៣ពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Inter Milan ដែលអាចឈ្នះពានលីកជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០១០ នៅថ្ងៃសៅរ៍នេះ ប្រសិនបើពួកគេផ្តួលក្រុម Crotone ហើយក្រុមឈរលេខ២ Atalanta មិនអាចដណ្តើមបានជ័យជម្នះនៅថ្ងៃអាទិត្យ៕


