បរទេស៖ ក្រុមតោខៀវ Chelsea បានបង្ហាញពីកម្រិតលេងយ៉ាងល្អពេលប៉ះជាមួយនឹងក្រុម Real Madrid ប៉ុន្តែ ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃអង្គារ ក្រោយពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ ដើម្បីតាមស្មើគ្រាប់បាល់នៅដើមរបស់ Christian Pulisic។
Chelsea បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ក្រោមដំណក់ទឹកភ្លៀងដ៏ជោគជាំ នាកីឡដ្ឋាន Alfredo di Stefano និងបានរកគ្រាប់បាល់នាំមុខមុន នៅពេលដែលខ្សែប្រយុទ្ធអន្តរជាតិអាមេរិក Pulisic បានបណ្តើរបាល់ផុតដៃអ្នកចាំទី Thibaut Courtois ដើម្បីស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី១៤។ ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរុប១៣សម័យកាល Real ហាក់ដូចជាស្ថិតក្នុងភាពស្រឡាំងកាំង ប៉ុន្តែ បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី ទី២៩ តាមរយៈការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យពី Benzema ដែលបានដក់បាល់ មុននឹងស៊ុតបាល់បំប៉ោងសំណាញ់ទីតែម្តង។
Chelsea បានបង្ហាញពីកម្រិតលេងល្អប្រសើរជាង នៅក្នុងតង់ទី២ ប៉ុន្តែ មិនអាចបំបែកតំបន់ការពាររបស់ក្រុម Real ម្តងទៀតឡើយ ហើយបន្ទាប់មក ត្រូវព្យាយាមការពារដ៏រឹងមាំដើម្បីរារាងការដាក់សម្ពាធនៅចុងម៉ោងរបស់ក្រុមម្ចាស់ផ្ទះ ដែលនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ក្នុងការប្រកួតជើងទី២ នាថ្ងៃទី៥ ខែឧសភា ដោយសម្លឹងរកការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី៥ ក្នុងរយៈពេល៨ឆ្នាំ៕
ប្រភពព័ត៌មាន៖ Channel News Asia