បរទេស៖ លោក Mauricio Pochettino បាននិយាយកោតសរសើរលោក Pep Guardiola ពេញមាត់ ប៉ុន្តែ លោកធ្វើបានល្អប្រសើរជាងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ កាលពីមុន ហើយកំពុងតែមានបំណងយកឈ្នះម្តងទៀត នៅពេលដែលក្រុម Paris Saint-Germain ដែលមានអាវុធដ៏មុតស្រួចគឺ Neymar ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester City ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្ររាត្រីនេះ។
នេះគឺជាលើកទី២ហើយដែលក្រុមទាំង២ បានជួបគ្នា បើគិតចាប់តាំងពីក្លាយជាក្រុមជើងខ្លាំងប្រចាំទ្វីបអឺរ៉ុប ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ក្រោយពីមានមហាសេដ្ឋសញ្ជាតិកាតា និងអេមីរ៉ាតអារ៉ាប់រួម ធ្វើជាម្ចាស់កម្មសិទ្ធិ។ Man City បានទទួលជ័យជម្នះក្នុងវគ្គ៨ក្រុមចុងក្រោយ កាលពីឆ្នាំ២០១៦ នៅមុនពេលលោក Guardiola ត្រូវបានតែងតាំងជាគ្រូបង្វឹក។ ប៉ុន្តែ ពេលលោក Pochettino បានដឹកនាំក្រុម Tottenham Hotspur កាលពីឆ្នាំ២០១៩ លោកបានដឹកនាំឲ្យក្រុមរបស់លោកយកឈ្នះលើក្រុម Man City ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ទោះបីជាយ៉ាងណា ក្រោយពីបានដឹកនាំឲ្យក្រុម PSG យកឈ្នះលើក្រុម Barcelona និងក្រុមម្ចាស់ការពារតំណែងជើងឯក Bayern Munich ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ លោក Pochettino មិនចាប់អារម្មណ៍ក្នុងការជជែកពីបញ្ហាបុគ្គលឡើយ នៅពេល Man City ធ្វើដំណើរទៅកាន់កីឡដ្ឋាន Parc des Princes។
លោក Pochettino បាននិយាយកាលពីថ្ងៃអង្គារថា៖«សម្រាប់ខ្ញុំ នេះគឺជាការប្រកួតជាមួយនឹងក្រុមផ្សេងមួយទៀត មិនមែនជាការប្រជែងជាលក្ខណៈបុគ្គលឡើយ។ វាជាការប្រកួតរវាងក្រុមខ្លាំង២ ប៉ុន្តែ នៅពេលដែលយើងនិយាយពីលោក Guardiola គាត់ជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភពលោក»៕
ប្រភពព័ត៌មាន៖ Channel News Asia