បរទេស៖ លោក Ole Gunnar Solskjaer កាលពីថ្ងៃពុធ បានព្យាយាមធ្វើឲ្យអ្នកគាំទ្រដែលខឹងសម្បាររបស់ Roma ដែលគូប្រជែងក្នុងក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានអារម្មណ៍ស្ងប់វិញ ក្រោយពីពួកគេបានចោទប្រកាន់គ្រូបង្វឹកក្លិប Manchester United រូបនេះថា មិនបានគោរពដល់ក្លិបរបស់ពួកគេ។
ការបញ្ចេញមិតនានាដែលត្រូវបានធ្វើឡើងដោយលោក Solskjaer ក្រោយពីបានយកឈ្នះលើក្រុម Granada វគ្គ៨ក្រុមចុងក្រោយ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនរបស់ក្លិប Roma មានការខឹងសម្បារ។ អ្នកគាំទ្រទាំងនោះបានលើកបដារដែលមានគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ជាច្រើនក្បែរទីលានហ្វឹកហាត់របស់ក្លិប Roma នៃក្របខ័ណ្ឌ Serie A រួមជាមួយនឹងសម្រង់សម្តីថា៖ «ខ្ញុំមិនស្គាល់ពួកគេទេ ហើយខ្ញុំក៏មិនធ្លាប់បានឃើញពួកគេប្រកួតផងដែរ»។ អ្នកគាំទ្របានបន្ថែមឃ្លាមួយថា៖ «ត្រូវធ្វើឲ្យប្រាកដថា រូបគេចងចាំពួកយើង»។ លោក Solskjaer ដែលកំពុងតែសម្លឹងរកការឈ្នះពានជាលើកទី១របស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Man United នោះ បានប្រាប់សន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតថា ការលើកឡើងនោះគួរតែមានការបកស្រាយក្នុងអត្ថបទ។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «នោះគឺជាការលើកឡើភ្លាមៗ បន្ទាប់ពីការប្រកួត ហើយបន្ទាប់ពីរាល់ការប្រកួតដែលយើងបានលេង ខ្ញុំមានការធូរស្រាលថា យើងបានឆ្លងផុតហើយ។ ពិតណាស់ ខ្ញុំបានឃើញពួកគេប្រកួត ប៉ុន្តែ ខ្ញុំមិនបានធ្វើការវិភាគ និងមិនបានឃើញពួកគេឲ្យស៊ីជម្រៅដើម្បីផ្តល់ការគោរពដល់ពួកគេឲ្យបានគ្រប់គ្រាន់ជាមួយនឹងការវិភាគឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia

