បរទេស៖​ លោក Ole Gunnar Solskjaer កាលពីថ្ងៃ​ពុធ បាន​ព្យា​យាម​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដែល​ខឹង​សម្បារ​របស់ Roma ដែល​គូ​ប្រជែងក្នុងក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ មាន​អារម្មណ៍​ស្ងប់​វិញ ក្រោយពីពួក​គេ​បាន​ចោទ​ប្រកាន់​គ្រូបង្វឹក​ក្លិប Manchester United រូបនេះថា មិន​បាន​គោរព​ដល់​ក្លិប​របស់​ពួកគេ​។

ការ​បញ្ចេញ​មិត​នានាដែលត្រូវ​បាន​ធ្វើឡើង​ដោយ​លោក Solskjaer ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Granada វគ្គ​៨​ក្រុម​ចុងក្រោយ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​របស់ក្លិប Roma មានការ​ខឹង​សម្បារ​។ អ្នក​គាំទ្រ​ទាំង​នោះ​​បាន​លើក​បដារ​ដែល​មាន​គ្រូបង្វឹក​សញ្ជាតិន័រ​វែស​រូបនេះ ជាច្រើន​ក្បែរ​ទីលាន​ហ្វឹកហាត់​របស់​ក្លិប Roma នៃ​ក្រប​ខ័ណ្ឌ Serie A រួម​ជាមួយនឹង​សម្រង់​សម្តី​ថា៖ «ខ្ញុំមិន​ស្គាល់​ពួកគេ​ទេ ហើយ​ខ្ញុំក៏​​មិនធ្លាប់​បានឃើញ​ពួកគេ​ប្រកួត​ផង​ដែរ​»​។ អ្នកគាំទ្រ​បាន​បន្ថែម​ឃ្លា​មួយ​ថា៖ «ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា រូប​គេ​ចង​ចាំ​ពួក​យើង​»​។ លោក Solskjaer ដែលកំពុង​តែ​សម្លឹង​រក​​ការ​ឈ្នះ​ពាន​ជាលើក​ទី​១​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់​ក្លិប Man United នោះ បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​នៅមុន​ពេល​ការ​ប្រកួត​ថា ការលើក​ឡើងនោះ​គួរ​តែ​មានការ​បក​ស្រាយ​ក្នុង​អត្ថ​បទ​។

គ្រូ​បង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «នោះ​គឺ​ជា​ការ​លើក​ឡើ​ភ្លាម​ៗ បន្ទាប់​ពីការ​ប្រកួត ហើយ​បន្ទាប់ពី​រាល់​ការ​ប្រកួត​ដែលយើង​បាន​លេង ខ្ញុំ​មាន​ការ​ធូរស្រាល​ថា យើង​បាន​ឆ្លង​ផុត​ហើយ​។ ពិតណាស់ ខ្ញុំ​បាន​ឃើញពួក​គេ​ប្រកួត ប៉ុន្តែ ខ្ញុំ​មិន​បាន​ធ្វើការ​វិភាគ និងមិន​បាន​ឃើញ​ពួក​គេ​ឲ្យ​ស៊ី​ជម្រៅដើម្បី​ផ្តល់​ការ​គោរ​ព​ដល់​ពួកគេ​ឲ្យ​បាន​គ្រប់​គ្រាន់​ជាមួយនឹង​ការ​វិភាគ​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia