បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane បានបញ្ជាក់សាជាថ្មីម្តងទៀតនូវបំណងប្រាថ្នាចង់ឈ្នះពានលើកដំបូងក្នុងអាជីពក្រោយខកខានឱកាសសាជាថ្មីបន្ទាប់ពី បរាជ័យវគ្គផ្តាច់ព្រ័ត្រពាន Carabao Cup ពេល Tottenhamត្រូវ Man City ផ្តួលកាលពីថ្ងៃអាទិត្យសប្តាហ៏មុន។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ២៧ ឆ្នាំបានបរាជ័យជាលើកទី៣របស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ស្របពេលមានសំនួរលើកឡើងជាច្រើនថា Kane គួរបន្តលេងរឺត្រូវចាកចេញក្រោយពីកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនជាមួយក្លឹបមាន់ខ្នាយមាសមានសុពលភាពរហូតដល់ឆ្នាំ២០២៤ ខណៈ Tottenham កំពុងឈរនៅលេខរៀងទី ៧។ ទោះបីប្រឈមនិងបញ្ហារបួសប៉ុន្តែ Kane នៅតែអាចស៊ុតបាល់បញ្ចូលទីបាន ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ លើកនៅរដូវកាលនេះនិងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំមានឈ្មោះថា (London Football Award) ផងដែរ។
Kane បានប្រាប់ទូរទស្សន៍ Sky Sports លើបញ្ហាខាងលើនេះយ៉ាងដូច្នេះថា៖ «នៅពេលដែលខ្ញុំក្រឡេកមើលទៅយ៉ាងវែងឆ្វាយសម្រាប់ចុងបញ្ចប់នៃអាជីពវាគឺជាអ្វីដែលខ្ញុំនឹងចាប់យកបានច្រើន ប៉ុន្តែគោលដៅក្នុងពេលឥឡូវនេះក្នុងនាមជាកីឡាករម្នាក់គឺការឈ្នះពានរង្វាន់ជាមួយក្រុម។ វាគួរឱ្យធុញទ្រាន់ណាស់ ក្រោយខកខានជាច្រើនដងហើយខ្ញុំពិតជាមានមោទនភាពក្នុងការឈ្នះវាមានន័យថាវាជារដូវកាលដ៏ល្អមួយនៅលើទីលាន។ ដូច្នេះខ្ញុំត្រូវតែព្យាយាមនិងបន្តនូវអ្វីដែលខ្ញុំកំពុងធ្វើ»៕
ប្រភពព័ត៍មាន៖ BBC