បរទេស៖ ខ្សែ​​បម្រើ​ប្រយុទ្ធ Bruno Fernandes និ​ង​ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដូចគ្នា ខណៈ​ដែលក្រុម Manchester United បាន​បោះ​ជំហាន​ដ៏​ធំ​ឆ្ពោះ​ទៅ​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រនៃក្រ​ប​ខ័ណ្ឌ Europa League តាមរយៈការ​វាយបក​តាម​ពីក្រោយ​ដើម្បី​លត់ក្រុម Roma យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៦-២ នៅ​កីឡដ្ឋាន Old Trafford។

គ្រាប់បាល់​បើកឆាក​របស់ Fernandes ត្រូវ​បាន​តាមស្មើ​ដោយ​គ្រាប់​បាល់​ស៊ុត​ប៉េណាល់​ទី​របស់​កីឡាករ Pellegrini នៅមុន​ពេល​ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​ជួយ​ឲ្យ​ក្រុម Roma នាំមុខវិញ នៅ​ត្រឹម​តង់​ទី​១​។ ប៉ុន្តែ ក្រុម​របស់​អ៊ី​តាលីមួយនេះ បាន​បាត់​បង់កីឡាករ​៣នាក់ ដោយ​សារ​តែ​បញ្ហា​រួស នៅមុន​ពេល​សម្រាក​តង់​ទី​១ ហើយ Man United បាន​ដណ្តើម​យក​ប្រៀប​តាម​រយៈការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អនៅ​តង់​ទី​២​ ដើម្បី​បំពេញ​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​របស់​ខ្លួនតែម្តង​។ Man United កំពុង​សម្លឹង​រក​ការ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង ក្រោម​ការដឹក​នាំ​របស់​លោក Ole Gunnar Solskjaer ក្រោយពី​បាន​រង​​បរា​ជ័យ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចំនួន​៤លើក​ក្នុង​រយៈ​ពេល​២​រដូវ​កាល​មក​នេះ​។ ប៉ុន្តែ ការ​រង​បរា​ជ័យ​ដ៏​ធំនៅ​ជើង​ទី​២ ទើប​អាច​រា​រាំង​ក្រុម​បិសាច​ក្រហម​មួយនេះ មិន​ឲ្យ​ឈាន​ទៅ​វគ្គ​បន្ត​ដើម្បី​ប៉ះ​ជាមួយនឹងក្រុម Villarreal ឬ Arsenal ក្នុង​ទីក្រុង Gdansk នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​។

ស្រប​ពេល​ជាមួយ​​គ្នានេះ លោក Unai Emery បាន​ទទួល​​ជ័យ​ជម្នះ​ពេល​ជួប​គ្នា​ជាមួយនឹងអតីត​ក្រុម​របស់​លោក Arsenal ប៉ុន្តែ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ២-១ អាច​ជា​រង្វាន់​តិច​តួច​ប៉ុណ្ណោះ សម្រាប់ក្រុម Villarreal ដែលមិន​អាច​ដណ្តើម​យក​ប្រៀប​ទាំងស្រុង​លើ​ការ​រង​​ពិន័យ​កាតក្រហម​របស់ Dani Ceballos ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia