បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី១គ្រាប់ ប៉ុន្តែ នៅតែបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដដែល ក្នុងនោះរាប់ទាំងគ្រាប់បាល់ពិន័យ Free-kick យ៉ាងល្អ១គ្រាប់ផងដែរ ខណៈដែលក្រុម Barcelona យកឈ្នះលើក្រុម Valencia ទាំងប្រផិតប្រផើយកាលពីថ្ងៃអាទិត្យ ដើម្បីរក្សាដេញតាមពីក្រោយយ៉ាងប្រកៀកលើកំពូលតារាងក្របខ័ណ្ឌ La Liga។
ក្រោយពីក្រុម Real Madrid និង Atletico Madrid សុទ្ធសឹងដណ្តើមបានជ័យជម្នះកាលពីថ្ងៃសៅរ៍ Bara មិនអាចធ្វើឲ្យភ្លាត់ស្នៀតឡើយនៅកីឡដ្ឋាន Mestalla ខណៈដែលពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ ដើម្បីកាត់បន្ថយគម្លាតតាមពីក្រោយក្រុម Atletico មកនៅត្រឹម២ពិន្ទុពវិញ ខណៈដែលនៅសល់៤ប្រកួតទៀត។ ក្រោយសប្តាហ៍ដ៏ត្រដាបត្រដួស ដោយសារតែ Real Madrid បានទទួលលទ្ធផលស្មើពេលប្រកួតជាមួយនឹងក្រុម Real Betis ក្រុម Atletico ចាញ់ក្រោមស្នាដៃ Athletic Bilbao ហើយ Barca បានរងបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ក្រោមស្នាដៃក្រុម Granada លំដាប់លេខរៀងរបស់ក្រុមខ្លាំងទាំ៣ បានវិលទៅរកសភាពដើមវិញនៅចុងសប្តាហ៍នេះ ក្រោយពីពួកគេបានទទួលជ័យជម្នះដូចគ្នា។
បច្ចុប្បន្នក្រុម Sevilla កំពុងដេញតាមពីក្រោយក្រុម Atletico ៣ពិន្ទុ ហើយនិងត្រូវតែផ្តួលក្រុម Athletic Bilbao នៅរាត្រីថ្ងៃចន្ទ ដើម្បីរក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកនៅមុនពេលការប្រកួតដ៏សំខាន់នាសប្តាហ៍ក្រោយ លើទឹកដីក្រុម Real Madrid៕
ប្រភពព័ត៌មាន៖ Channel News Asia