បរទេស៖​ លោក Pep Guardiola កាល​ពីថ្ងៃ​ចន្ទ បាន​អំពាវនាវ​​ឲ្យ​កីឡាករ​នៃក្រុម Manchester City របស់​លោក គ្រប់គ្រង​ការ​រំជួល​ចិត្ត​របស់ខ្លួន ប្រសិន​បើ​ពួក​គេ​ចង់​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​១​របស់​ពួក​គេ ខណៈ​ដែលពួក​គេ​​នឹង​នាំ​យក​ការ​នាំមុខ ២-១ ទៅកាន់ការ​ប្រកួត​ជើង​ទី​២​ជា​មួយ​នឹង​ក្រុម Paris Saint-Germain វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៅ​រាត្រីនេះ​។

Man City បាន​វាយ​បក​តាម​ពីក្រោយ តាម​រយៈ​ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​នៅ​តង់​ទី​២ ក្នុង​រដ្ឋ​ធានី​របស់​បា​រាំង កាលពី​សប្តាហ៍មុន ដើម្បីបោះ​មួយ​ជំហាន​ឆ្ពោះទៅកាន់​គោល​ដៅ​ដែលពួកគេ​កំពុង​តែព្យា​យាម​សម្រេច​ឲ្យ​បាន បើ​គិត​ចាប់​តាំងពី​ការ​ចូលកាន់​កាប់​របស់​លោក​មហា​សេដ្ឋី Sheikh Mansour ក្នុង​ឆ្នាំ​២០០៨ បាន​ផ្លាស់​ប្តូរ​ជោគ​វាសនា​របស់​ក្លិបនេះ​ទាំងស្រុង​។ លោក Guardiola បាន​ឈ្នះ​ពាន Champions League ២លើក ក្នុងនាម​ជា​គ្រូបង្វឹក នៅពេល​ដែល​ដឹកនាំក្លិប Barcelona ប៉ុន្តែ​មិន​ធ្លាប់​បាន​ឈ្នះ​សោះ​ក្នុង​រយៈពេល​១០​ឆ្នាំចុងក្រោយ​នេះ ខណៈ​ដែល​លោក​បាន​រង​ការ​ធ្លាក់​ចេញ​ជា​បន្ត​បន្ទាប់​ពី​​យុទ្ធនា​ការ​កំពូល​របស់​អឺ​រ៉ុប ក្នុងនា​ជា​គ្រូបង្វឹក​របស់​ក្លិប Barca, Bayern Munich និង Man City​។ សម្រាប់​​ការ​ប្រកួតនៅ​រាត្រីនេះ លោក Guardiola បាន​ជំ​រុញ​ឲ្យ​កីឡាករ​របស់​លោករក្សា​ការ​ផ្តោត​អារម្មណ៍​ដូចគ្នា​ដែលពួកគេ​មាន​នៅ​រដូវ​កាលនេះ ដើម្បី​ទម្លាក់​ជើង​ខ្លាំង PSG​។

លោក Guardiola បាន​ឲ្យ​ដឹង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​របស់​លោក​ថា៖ «វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ តែង​តែ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​បំផុត ពោល​គឺ​ស្វិត​ស្វាញ​ជាង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទៅ​ទៀត​។ យើង​ត្រូវ​តែ​គ្រប់គ្រង​ការ​រំជួល​ចិត្ត​របស់​យើង ដើម្បី​សម្រេច​ឲ្យ​បាន​សមិទ្ធិផល​ដែល​យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia