បរទេស៖ Paris St Germain នឹង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​ថា តើខ្សែ​ប្រយុទ្ធ Kylian Mbappe អាច​ចូល​លេង​ដើម្បី​ប្រកួត​ជា​មួយនឹងក្រុម Manchester City ក្នុង​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ឬអត់​។

នេះបើយោង​ទៅ​តាមការ​បញ្ជាក់​របស់​លោក​គ្រូបង្វឹក Mauricio Pochettino កាលពីថ្ងៃ​ចន្ទ​។ Mbappe ដែល​ជា​អ្នករក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​របស់ PSG នៅ​រដូវ​កាលនេះ តាមរយៈ​​ការរក​បាន​២៥​គ្រាប់​ក្នុងក្រប​ខ័ណ្ឌ Ligue 1 និង​៨​គ្រាប់​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប បាន​​អវត្ត​មានក្នុង​ពេលក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើក្រុម Lens កាលពីថ្ងៃ​សៅរ៍ ដោយ​សារ​តែ​របួស​កំភួន​ជើង​។ រូប​ភាព​វីដេ​អូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បញ្ហា​សង្គម បាន​បង្ហាញ​ថា Mbappe បានដើរ​ទាំង​មាន​រហួស​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Manchester សម្រាប់​ការ​ប្រកួត​​នៅ​រាត្រីនេះ នាកីឡដ្ឋាន Etihad ប៉ុន្តែ លោក Pochettino នឹងធ្វើការ​វិភាគ​ចុងក្រោយ​របស់​លោក ក្រោយពី​ការ​ហ្វឹកហាត់​​របស់ក្រុម​។

លោក Pochettino បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «យើង​ត្រូវ​តែ​វិភាគលើ Kylian ដោយនៅថ្ងៃ​នេះ រូប​គេនឹង​ចាប់​ផ្តើម​ការ​ហ្វឹកហាត់​ជាលក្ខណៈ​បុគ្គ​ល ហើយ​យើង​នឹង​រង់​ចាំមើល​ថា រូប​គេ​នឹង​ចូលលេង​ជាមួយនឹង​ក្រុម ឬ​អត់​។ យើង​នៅ​សល់​ពេល​១ថ្ងៃ​ទៀត យើង​មិន​សម្រេច​ចិត្ត​ពេលនេះឡើយ ហើយយើង​នឹង​រង់ចាំមើលនៅថ្ងៃ​ស្អែកនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia