បរទេស៖ លោក Thomas Tuchel បាន​កោតសរសើរ​ការ​ស្រេកឃ្លាន​​របស់ក្រុម​តារាឆ្នើម Chelsea ខណៈ​ដែល​ពួក​គេ​បាន​ឈាន​ទៅ​​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ២-០ លើក្រុម Real Madrid កាលពីថ្ងៃ​ពុធ​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Timo Werner និង​ខ្សែ​បម្រើ Mason Mount បាន​​ជួយ​ឲ្យ Chelsea កក់​កៅអីទៅវគ្គ​ផ្តាច់ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​១ បើគិ​ចាប់​តាំង​ពីពួកគេ​បាន​ឈ្នះ​ពាន​យុទ្ធនាការនេះ ជាលើក​ដំបូង​កាលពីឆ្នាំ​២០១២​។ ក្រុម​របស់​លោក Tuchel នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League ដូច​គ្នា គឺ Manchester City ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទីក្រុង Istanbul នា​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​២​ជើង​ក្នុង​លទ្ធផល ៣-១ របស់ Chelsea ពិ​ត​ជា​លទ្ធផល​ដ៏​សក្តិ​សម ខណៈ​ដែល​ពួកគេ​បាន​បង្ហាញពី​ទម្រង់លេង​ដ៏​រឹង​មាំក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ នា​កីឡដ្ឋាន Stamford Bridge ដោយ​បាន​រា​​រាំង​តំបន់​ប្រយុទ្ធ​របស់ Real ទាំង​ស្រុង និង​វាយ​បកវិញ​យ៉ាងល្អ​។

ពួក​គេ​គួរ​តែ​អាច​ឈ្នះ​ជាមួយនឹង​គ្រាប់បាល់​ច្រើន​ជាង​នេះ ហើយ​លោក Tuchel ពិត​ជា​រំភើប​ចំពោះ​ទម្រង់លេង​របស់ក្រុម​ខ្លួន​។ លោក Tuchel បាន​ឲ្យដឹងថា៖ «មានការ​លំបាក​បន្តិច​ក្នុង​តង់​ទី​១ នៅពេល​ដែល​ពួកគេបាន​គ្រប់គ្រង​បាល់ច្រើន​ជាង និង​ដាក់​សម្ពាធ​ក​លើ​យើង​។ យើង​លេង​បាន​ល្អ​ក្នុង​ពេល​វាយ​សម្រុក​រហ័ស ប៉ុន្តែ​មិន​ដែល​បាត់​បង់​ការ​ផ្តោត​លើតំបន់​ការ​ពារ​ឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia