បរទេស៖ ក្រុម Manchester United នឹង​ត្រូវ​លេង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៣​លើកក្នុង​រយៈ​ពេល​៥ថ្ងៃ ក្រោយពី​ការ​ប្រកួត​របស់ពួកគេ​ជាមួយនឹងក្រុម Liverpool ដែលត្រូវ​​បាន​ពន្យារ ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ​ឲ្យ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា​​។

Man United ត្រូវ​ធ្វើ​ជាម្ចាស់​​ផ្ទះ​​ទទួ​លក្រុម Liverpool កាលពីថ្ងៃ​អាទិត្យ ប៉ុន្តែ ការ​ប្រកួត​នេះ ត្រូវ​បាន​ពន្យារ​ពេល ក្រោយពី​អ្នក​គាំទ្រ​រាប់​រយនាក់ បាន​សម្រុក​ចូល​ក្នុងកីឡដ្ឋាន Old Trafford ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ម្ចាស់​​ក្លិប​ត្រកូល Glazer​។ អ្នក​តវ៉ា​ដែល​ខឹង​សម្បា​ចំពោះការ​ចូល​រួម​របស់​គ្រួ​សារ Glazers ក្នុង​គម្រោង​បង្កើត​ពាន European Super League បាន​ធ្វើ​ឲ្យ​ខូច​ខាត​នៅ​ខាងក្នុង​កីឡដ្ឋាន Old Trafford និង​បាន​ដុតភ្លើង​កាំជ្រួច ស្រប​ពេល​ដែល​ប៉ូលិស បាន​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក នៅ​ខាង​ក្រៅកីឡដ្ឋាន​។

ការ​ប្រកួត​នេះ បច្ចុប្បន្ន នឹង​ត្រូវ​រៀប​ចំឡើង​វិញនៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ពោល​គឺ មុន​ពេលក្រុម Man United ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Aston Villa នា​ថ្ងៃ​ទី​៩​ ខែ​ឧសភា និង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Leicester នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​។ លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ទូទៅ​​របស់​ Man United ទំនង​មិន​ចាប់​អារម្មណ៍ទៅនឹង​កម្ម​វិធីប្រកួតដ៏​មមា​ញឹក​នេះ​ឡើយ ខណៈ​ដែល​រដូវកាល​នេះ ជិត​ឈាន​ដល់​ទី​បញ្ចប់​ទៅហើយ​នោះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia