បរទេស៖ លោក Unai Emery គ្រូបង្វឹក​របស់ក្រុម Villarreal បាន​វិល​ទៅផ្តល់ការខកចិត្តដល់ក្រុម Arsenal ខណៈ​ដែលក្រុម​របស់​អេ​ស្ប៉ាញ​មួយ​នេះ បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅកីឡដ្ឋាន Emirates វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ជួប​ជា​មួយ​នឹងក្រុម Manchester United ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ការរង​បរា​ជ័យ​​នេះ​មានន័យ​ថា ក្រុម​កាំភ្លើង​ធំ នឹង​ត្រូវ​អវត្តមានក្នុង​ក្រប​ខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​ជាលើក​ទី​៥​ជាប់​ៗ​គ្នា ខណៈ​ដែល​សម្ពាធ​ផ្សេង​ៗ​កំពុង​តែ​កើន​ឡើង​លើលោក Mikel Arteta ដែល​ជា​អ្នក​ជំនួស​កន្លែង​របស់លោក Emery នៅ Arsenal​។ ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៩ លើ​តារាង Premier League បច្ចុប្បន្ន ក្រុម Arsenal ប្រឈមមុខនឹង​ការ​មិនអាច​ឈ្នះ​កៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប ជាលើក​ទី​១ ក្នុង​រយៈពេល​២៦ឆ្នាំ​។ លោក Arteta បាន​ឲ្យ​ដឹង​ថា៖ «យើងពិត​ជា​​ខក​ចិត្ត​។ យើង​បាន​ព្យា​យាម​សព្វ​បែប​យ៉ាង​រហូត​ដល់​នាទី​ចុងក្រោយ​។ ខ្ញុំ​គិត​ថា យើង​ស័ក្កិ​សម​ក្នុងការ​ឈ្នះ​ការ​ប្រកួតនេះ ប៉ុន្តែ ភាព​ស្វិតស្វាញ​កំណត់ក្នុងការ​ប្រកួតនេះ​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ Man United ក៏​បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ក្រោយពី​ឈ្នះ​ទាំង​២​ជើង​ក្នុងលទ្ធ​ផល ៨-៥ បើ​ទោះបី​ចាញ់​ក្នុង​ជើង​ទី​២ ៣-២ នៅ​​លើ​ទឹក​ដីក្រុម Roma ក៏ដោយ​​។ Villarreal នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Man United ក្នុង​ទីក្រុង Gdansk នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ពោល​គឺ​រយៈពេល​៣​ថ្ងៃ មុន​ពេលក្រុម Manchester City ប្រកួត​ជាមួយនឹងក្រុម Chelsea ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅថ្ងៃ​ទី​២៩ ខែ​ឧសភា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia