បរទេស៖ ក្រោយពីបានធ្វើការស្រោចស្រង់ដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីដេញតាមពីក្រោយក្រុមកំពុងនាំមុខ Atletico Madrid យ៉ាងប្រកៀក ទីបំផុត ក្រុម Barcelona អាចឡើងទៅឈរលើកំពូលតារាង នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមរបស់លោក Diego Simeone នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមខ្លាំងទាំង៤ ដែលកំពុងស្ថិតក្នុងការប្រជែង នឹងត្រូវជួបគ្នា។
ក្រុម Atletico កំពុងនាំមុខលើកំពូលតារាង ដោយមាន៧៦ពិន្ទុ ក្រោយពីការប្រកួត៣៤លើក មុននឹងឈានទៅកាន់ការប្រកួតដ៏សំខាន់នៅថ្ងៃសៅរ៍ នៅលើទឹកដីក្រុម Barca ដែលកំពុងតែឈរលេខ៣ ដោយមាន៧៤ពិន្ទុ។ ទោះបីជាយ៉ាងណា ការភ្លាត់ស្នៀតរបស់ Atletico នឹងបើកឱកាសឲ្យក្រុមម្ចាស់ការពារជើងឯក Real Madrid ដែលឈរលេខ២ មាន៧៤ពិន្ទុ រួមនឹងលទ្ធផលល្អជាងក្រុមទាំង២ ក្នុងជំនួបរវាងពួកគេ។ នៅថ្ងៃអាទិត្យ ក្រុម Real នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយមាន៧០ពិន្ទុ និងនៅតែស្ថិតក្នុងការប្រជែងពាន។
Barcelona បានដេញតាមពីក្រោយ Atletico រហូតដល់ទៅ១៣ពិន្ទុកាលពីខែមករា ដែលនាំឲ្យលោកគ្រូបង្វឹក Ronald Koeman ច្រានចោលឱកាសក្នុងការប្រជែងពាន និងដាក់ក្តីសង្ឃឹមលើការឈ្នះពាន Copa del Rey ជំនួសវិញ។ ប៉ុន្តែ ក្រុមមានមូលដ្ឋាននៅ Catalonia មួយនេះ បានធ្វើឲ្យពួកគេស្ថិតក្នុងការប្រជែងវិញក្រោយពីបានកត់ត្រាជ័យជម្នះ១៦លើកជាប់ៗពីការប្រកួត១៩លើក ក្នុងឆ្នាំ២០២១ ស្របពេលដែល Atletico បានធ្លាក់ចុះទម្រង់លេងនៅខែកុម្ភៈ ដែលក៏នាំឲ្យ Real និង Sevilla វិលទៅកាន់ការប្រជែងវិញផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia