បរទេស៖ គ្រាប់បាល់​តាមស្មើ​នៅនាទី ទី​៩៤​របស់ Real Madrid បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​លទ្ធផល​ស្មើ ២-២ ជា​មួយនឹងក្រុម Sevilla កាលពីថ្ងៃអាទិត្យ ខណៈ​ដែល​ការ​សម្រេច​ចិត្ត​ផ្តល់​បាល់​ប៉េណាល់ទី បាន​​ផ្តល់​ការ​មាន​ប្រៀប​លើ​ការ​ប្រជែង​ដណ្តើម​ពាន La Liga ដល់ក្រុម Atletico Madrid​។

ក្រុម​របស់​លោក Zinedine Zidane បាន​រកគ្រាប់​បាល់​តាម​ស្មើ​តាម​រយៈ​កីឡាករ Marco Asensio នៅ​ពាក់​កណ្តាល​តង់​ទី​២ និង​បាន​គិត​ថា ពួក គេ​បាន​ទទួល​បាល់​ប៉េណាល់​ទី​១​គ្រាប់​ហើយ នៅពេល​ដែល Karim Benzema ត្រូវ​បាន​ទាញ​ឲ្យ​ដួល ក្រោយ​ពី​បាន​អូស​បាល​ជុំ​វិញ​អ្នក​ចាំទី Bono របស់ Sevilla​។ ប៉ុន្តែ ការ​ពិនិត្យ​រូប​​ភាព​តាម​រយៈ​វីដេអូ​ជំនួយ​ការ​អាជ្ញាកណ្តាល (VAR) បាន​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល Juan Martinez មើល​ឃើញ​ថា កីឡាករ Eder Militao បាន​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​នៅមុន​ហ្នឹង​បន្តិច ហើយ​​លោក​ក៏​បានលុប​ចោល​ការ​ផ្តល់​បាល់​ប៉េណាល់ទី​សម្រាប់ Real Madrid តែ​បែរ​ជាផ្តល់​បាល់​ប៉េណាល់​ឲ្យ Sevilla ជំនួស​វិញ​។

Ivan Rakitic បាន​ស៊ុត​បាល់​ប៉េណាល់ទី​ចូល​ទី​យ៉ាងល្អ ហើយបើ​ទោះបី Real បាន​រក​គ្រាប់​បាល់​តាមស្មើវិញនៅ​នាទី​បន្ថែម​តាមរយៈ​កីឡាករ Toni Kroos ក៏ដោយ ប៉ុន្តែ លទ្ធផល​ស្មើ​នេះ នឹង​ផ្តល់​ការមាន​ប្រៀប​ដល់ក្រុម Atletico វិញ ក្នុងការ​ប្រជែង​ដណ្តើម​​ពាន​អេ​ស្ប៉ាញ​។ Atletico កំពុង​តែ​នាំមុខ​២ពិន្ទុ​ទាំងលើក្រុម Real Madrid និង Barcelona ខណៈ​ដែលបច្ចុប្បន្ន ពាន La Liga កំពុង​តែ​ធ្លាក់​លើ​ដៃ​របស់​ពួកគេវិញ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia