បរទេស៖ AC Milan បាន​ទម្លាក់​ក្រុម Juventus ឲ្យ​ធ្លាក់​ចេញ​ពី​ចំណាត់ថ្នាក់លេខ​៤នៅលើ​តារាង Serie A តាមរយៈ​ការ​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ ក្នុង​ទីក្រុង Turin កាលពីថ្ងៃ​អាទិត្យ ដើម្បី​​បង្កើន​ក្តីសង្ឃឹម​នៃ​ការ​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៤​។

កីឡាករ Brahim Diaz បាន​ជួយ​ឲ្យ AC Milan មាន​គ្រាប់បាល់​នាំមុខ​មុន នៅមុន​ពេលសម្រាក​តង់​ទី​១ ខណៈ​ដែល​​កីឡាករ Anton Rebic និង Fikayo Tomori បាន​បន្ថែម​២​គ្រាប់​ទៀត នៅក្នុង​តង់​ទី​២ ក្រោយពី Franck Kessie បាន​ស៊ុត​បាល់ប៉េណាល់ទីមិនចូល​ទី​។ AC Milan ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយ​មាន​៧២ពិន្ទុ​ស្មើ​ជា​មួយនឹងក្រុម​​ឈរលេខ​២ Atalanta ខណៈដែល Napoli ដេញ​តាមពីក្រោយ​២ពិន្ទុ​​ក្នុង​ចំណាត់​ថ្នាក់លេខ​៤ ដែល​ជា​កៅអីចុងក្រោយ​សម្រាប់ក្រប​ខ័ណ្ឌ Champions League​។

បច្ចុប្បន្ន​ Juventus ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​ដេញ​តាមពីក្រោយ​​ក្រុមឈរលេខ​៤ ចំនួន​១ពិន្ទុ ខណៈ​ដែល​នៅស​ល់​ការ​ប្រកួត​៣លើក​ទៀត រួម​ទាំង​ការ​ប្រកួត​​ជាមួយនឹង​ក្រុម​ម្ចាស់​ជើង​ឯក​ទើប​គ្រោង​តំណែង​ថ្មី Inter Milan នៅ​ចុងសប្តាហ៍ក្រោយ ផងដែរ​។ ក្រុម Atalanta របស់​លោក Gian Piero Gasperini កំពុង​តែ​ខិត​កាន់​តែ​កៀក​ក្នុងការ​ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League ក្នុង​រដូវ​កាល​ជាលើកទី​៣​ជាប់​ៗ​គ្នា ខណៈ​ដែល​ពួកគេ​នាំមុខ​លើ Napoli ២ពិន្ទុ ខណៈ​ដែល​នៅ​សល់​ការ​​ប្រកួត​៣លើក​ទៀត​​។ លោក Gasperini បាន​ឲ្យដឹងថា៖​ «នៅ​សល់​រយៈ​ពេល​២​សប្តាហ៍​ទៀត ហេតុនេះ លទ្ធផល​ផ្សេង​គ្នា​ជាច្រើន​អាច​កើតឡើង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia