បរទេស៖ Fulham ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Burnley កាលពីថ្ងៃចន្ទ ប៉ុន្តែ ជ័យជម្នះនេះ បានជួយឲ្យក្រុមភ្ញៀវរក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូលនៅរដូវកាលក្រោយ។
លទ្ធផលនេះ មានន័យថា ក្រុម Fulham នឹងចូលរួមជាមួយនឹងក្រុម West Bromwich Albion និង Sheffield United ក្នុងក្របខ័ណ្ឌលំដាប់ទី២ Championship នៅរដូវកាលក្រោយ។ ក្រុមរបស់លោក Scott Parker ត្រូវតែគេចឲ្យផុតពីការរងបរាជ័យកាលពីថ្ងៃចន្ទ ដើម្បីរក្សាក្តីសង្ឃឹមដ៏ស្តួចស្តើងរបស់ខ្លួន ក្នុងការគេចផុតពីការធ្លាក់ចេញ។ ប៉ុន្តែ ក្តីសង្ឃឹមទាំងនោះ ត្រូវបានបញ្ចប់ ដោយសារតែគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Ashley Westwood និង Chris Wood របស់ Burnley។
លោក Parker អ្នកចាត់ការទូទៅរបស់ Fulham បានឆ្លើយតបទៅនឹងការបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Chelsea តាមរយៈការកោះហៅកីឡាករ Aleksandar Mitrovic និង Kenny Tete ឲ្យចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់លោក។ ប៉ុន្តែ ផ្ទុយទៅវិញ លោក Sean Dyche គ្រូបង្វឹក Burnley មិនបានផ្លាស់ប្តូរក្រុមដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម West Ham លើទឹកដីខ្លួនឯង កាលពីសប្តាហ៍មុនឡើយ៕
ប្រភពព័ត៌មាន៖ Channel News Asia