បរទេស៖ លោក Ronald Koeman កាលពីថ្ងៃចន្ទ បាន​បញ្ជាក់​ថា ក្រុម Barcelona នៅ​តែ «ជឿជាក់» ថា ពួក​គេ​អាច​ឈ្នះ​ពាន La Liga ក្រោយពី​បាន​ជួប​ការ​ខក​ចិត្ត​កាលពី​ចុងសប្តាហ៍​ថ្មី​ៗនេះ ដែលនៅពេលនោះពួក​គេ​ត្រឹម​តែ​អាច​បញ្ចប់​ក្នុងលទ្ធ​ផលស្មើ ០-០ ជាមួយនឹងក្រុមកំពុង​នាំមុខ Atletico Madrid​។

ក្រុម Barcelona គួរ​តែ​បាន​ឡើង​ឈរលើកំពូល​តារាង ប៉ុន្តែ លទ្ធផល​ស្មើ​កាលពីថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៣ ដោយ​ដេញ​តាមពីក្រោយ​ក្រុម Atletico ២ពិន្ទុ ហើយ​​ក៏​តាម​ពីក្រោយ​ក្រុម Real Madrid ផង​ដែរ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៣លើក​ទៀត​។ នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Levante នៅ​រាត្រីនេះ លោក Koeman បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «វាមិន​ស្ថិតក្នុង​ដៃ​យើង​ឡើយ ប៉ុន្តែ យើង​នឹង​មិន​បង្កើត​ឲ្យ​មាន​កំហុស​បន្ថែមទៀត​ឡើយ ហើយ​យើង​នឹង​ដាក់​សម្ពាធ​លើ​ក្រុមផ្សេង​។ យើង​នឹង​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាពដើម្បី​ឈ្នះ​​រហូត​ដល់​វិនាទី​ចុងក្រោយ​»​។

លោក​បាន​​បន្ថែម​ទៀត​ថា៖ «ក្រុម​នេះ ដែលមាន​ភាព​ខ្លាំង​ទាំង​ស្មារតី និង​កាយ​សម្បទារ នឹង​ក្លាយ​ជាក្រុម​ដែលឈ្នះ ប៉ុន្តែ ខ្ញុំ​គិត​ថា រាល់ក្រុម​ទាំង​អស់ នឹង​ព្យា​យាម​បញ្ចប់ការ​ប្រជែង​ពាននៅ​ចុងសប្តាហ៍នេះ​»​។ លោក Koeman ដែល​បាន​ចូលកាន់​តំណែងកាលពី​ខែ​សីហា ឆ្នាំមុន បាន​និយាយ​ថា លោក​រំពឹង​ទុក​ថា នឹង​បន្តដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia