បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ប៉ុន្តែ ក្តីសង្ឃឹមនៃការប្រជែងពានរបស់ក្រុម Barcelona អាចនឹងបញ្ចប់ទាំងស្រុងហើយ ខណៈដែលការបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នៅលើទឹកដីក្រុម Levante កាលពីថ្ងៃអង្គារ ធ្វើឲ្យក្រុម Real Madrid និង Atletico Madrid មានឱកាសក្នុងការបន្ថែមពិន្ទុនាំមុខលើកំពូលតារាង La Liga។
ការភ្លាត់ស្នៀតនេះ អាចនឹងក្លាយជាលទ្ធផលកាត់សេចក្តី ខណៈដែលក្រុម Atletico នឹងនាំមុខ៤ពិន្ទុដាច់លើក្រុម Barca ជាមួយនឹងការនៅសល់ការប្រកួតត្រឹមតែ២លើកទៀត ប្រសិនបើពួកគេអាចដណ្តើមបានជ័យជម្នះលើក្រុម Real Sociedad នៅរាត្រីនេះ។ ក្រុម Real Madrid នឹងនាំមុខ២ពិន្ទុដាច់លើក្រុមរបស់លោក Ronald Koeman ប្រសិនបើពួកគេអាចដណ្តើមបានជ័យជម្នះលើតឹកដីក្រុម Granada នៅថ្ងៃព្រហស្បតិ៍។ ការប្រជែងដណ្តើមពានហាក់ដូចជាមិនផ្តល់ភាពរំភើបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះសោះ ខណៈដែលរាល់ក្រុមទាំង៤របស់អេស្ប៉ាញ សុទ្ធសឹងធ្លាក់ចុះទម្រង់លេងនៅជិតបញ្ចប់រដូវកាល។
ប៉ុន្តែ ខណៈដែលនៅសល់តែ២ប្រកួតទៀត និងមានតែក្រុមខ្លាំង២ដែលមានឱកាសធំជាងគេ ឱកាសរបស់ក្រុម Barcelona ក្នុងការដណ្តើមពានពីក្រុម Real Madrid នៅរដូវកាលនេះ ហាក់ដូចជារលត់ទាំងស្រុងហើយ៕
ប្រភពព័ត៌មាន៖ Channel News Asia