បរទេស៖ សា​លាក្រុង​ម៉ា​ឌ្រីដ កំពុង​តែ​ដាក់​ពង្រាយកម្លាំង​ប៉ូលិស​ចំនួន​១៣០នាក់ ដើម្បី​រា​រាំង​មិន​ឲ្យ​ទាំង​អ្នក​គាំទ្រ​របស់ Atletico Madrid ឬ Real Madrid ធ្វើ​ការ​អប​អរ នៅ​​កណ្តាល​រដ្ឋ​ធានី​របស់​អេ​ស្ប៉ាញមួយនេះ ក្នុង​ពេល​ដែលក្រុម​របស់​ពួកគេ​ឈ្នះ​ពាន La Liga នៅ​ថ្ងៃ​សៅរ​។

សាលា​ក្រុង​បាន​ចេញ​ក្តី​ថ្លែង​ការណ៍​មួយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​ប៉ូលិស​ចំនួន​១៣០នាក់ នឹង​ត្រូវ​ល្បាត​នៅ​​មជ្ឈមណ្ឌល​សំខាន់​២ ដែល​ជាកន្លែង​ក្រុម​ទាំង​២ ធ្វើ​ការ​អប​អរ​ការ​ឈ្នះ​ពាន ដើម្បី​​ការ​ពារ​មិន​ឲ្យ​មានការប្រមូល​ផ្តុំ​ក្នុងទ្រង់​ទ្រាយ​ធំ ដែល​អាច​បង្ករ​មានការ​ឆ្លង​វីរុស​កូវីដ ១៩​។ Atletico ដែល​កំពុង​តែ​នាំមុខ​២ពិន្ទុ​លើក្រុម Real មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ចុងក្រោយ​នៅ​លើ​ទឹកដីក្រុម Real Valladolid ជា​ធម្ម​តា​អប​អរ​ការ​ឈ្នះ​ពាននៅមជ្ឈមណ្ឌល Neptuno ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៦០០ម៉ែត្រ​ពី Cibeles ដែល​ជា​កន្លែង​អ្នក​គាំទ្រ Real អប​អរ​ការ​ឈ្នះ​ពាន​ ប៉ុន្តែ ក្រុម​ទាំង២ នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ឡើយ បើ​ទោះ​បី​ពួកគេ​ឈ្នះ​ពាន​ក៏ដោយ​។

លោកស្រី Inmaculada Sanz អ្នក​នាំ​ពាក្យ​សាលា​ក្រុង បាន​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​ធ្វើការ​អប​អរ​នៅ​ផ្ទះ​ ឬ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន និង​ជៀស​វាង​ការ​ប្រមូល​ផ្តុំ​​គ្នានៅ​កណ្តាល​ទីក្រុង​ម៉ា​ឌ្រីដ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia