បរទេស៖ អ្នក​គាំទ្រ​រហូត​ដល់​​១៦៥០០នាក់ នឹង​ត្រូវ​អនុ​ញ្ញាត​ឲ្យ​ចូល​រួម​ទស្ស​នា​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ទីក្រុង Porto នៅ​ថ្ងៃ​សៅរ៍ចុងសប្តាហ៍នេះ​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាសរបស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺរ៉ុប (UEFA) កាលពីថ្ងៃ​អង្គារ ស្រប​ពេល​ដែល​សំបុត្រក៏​ចាប់ផ្តើម​បើក​លក់​ផង​ដែរ។

 

តួ​លេខ​នេះ ដែល​ត្រូវ​បាន​អនុ​ញ្ញាតដោយ​អាជ្ញាធរ​ព័រ​ទុយ​ហ្គាល់ គឺ​ស្មើ​នឹង​១/៣នៃ​សមត្ថភាព​ផ្ទុក​អ្នក​ទស្ស​នា​សរុប​នា​កីឡដ្ឋាន Estadio do Dragao ដែល​បានក្លាយ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ កាលពី​ពាក់​កណ្តាល​ខែ​ឧសភា ក្រោយពី​ទីក្រុង Istanbul បាន​បាត់​បង់​សិទ្ធិដោយសារ​តែ​កា​រផ្ទុះ​ការ​ឆ្លង​វីរុស​កូវីដ ១៩​។ UEFA បាន​បែង​ចែក​​សំបុត្រ៦០០០សន្លឹក​ស្មើ​គ្នា សម្រាប់​អ្នកគាំទ្រ​ក្លិប Chelsea និង Manchester City​។

Man. City-Chelsea | Manchester City vs Chelsea Champions League final  preview: where to watch, starting line-ups, team news | UEFA Champions  League | UEFA.com

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​សំបុត្រ​សម្រាប់​ភ្ញៀវ​ពិសេស និង​សម្រាប់​សា​ធារណៈ​ជន​ចំនួន​១៧០០សន្លឹក​ផ្សេង​ទៀត​​ផង​ដែរ ដោយ​ផ្អែក​ទៅលើមូលដ្ឋាន​នៃ​ការ​មក​មុន​ បាន​មុន​។ សំបុត្រ​នឹង​មាន​តម្លៃ​ចាប់​ពី​៧០ ទៅ​៦០០អឺ​រ៉ូ (ស្មើ​នឹង​៨៦-៧៣៥ដុល្លារ​​អាមេរិក) ខណៈ​ដែល​សំបុត្រ​សម្រាប់​ចូល​ទស្ស​នា​​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម Manchester United និង Villareal ក្នុង​ទីក្រុង Gdansk មាន​តម្លៃ​ចាប់​ពី​៤០ ទៅ​១៣០​អឺ​រ៉ូ​៕

 

ប្រភព​ព័ត៌​មាន៖ Channel news Asia