បរទេស៖ លោក Zinedine Zidane បាន​លា​លែង​ពី​តំណែងក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Real Madrid ជាលើក​ទី​២ ភ្លាម​ៗ ក្រោយពី​ពួក​គេ​បាន​ចាញ់​ក្រោមស្នា​ដៃក្រុម Atletico Madrid ក្នុងការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ La Liga​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់ក្លិប​អេ​ស្ប៉ាញ​មួយនេះ កាលពីថ្ងៃ​ព្រហស្បតិ៍​។ ការ​ចាក​ចេញ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ កើត​ឡើង ក្នុងពេល​បញ្ចប់យុទ្ធនាការ​ដ៏ខក​ចិត្ត​​សម្រាប់​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​១៣​សម័យ​កាល Real Madrid ដែល​ក៏​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Chelsea ផង​ដែរក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ ខណៈ​ដែលពួក​គេ​មិន​អាច​ឈ្នះ​ពាន​សូម្បី​តែ​១​​ជាលើកដំបូងក្នុង​រយៈ​ពេល​១១​រដូវ​កាល​មក​នេះ​។

ក្លិប​បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើ​ង​ត្រូវ​តែ​គោរ​ពការសម្រេច​ចិត្ត និង​សូម​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​ភាពជា​អាជីព​របស់​លោក ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះ​បង់​ក្នុង​រយៈពេល​ជច្រើន​ឆ្នាំមក​នេះ»​។ ក្លិប​បាន​បន្ថែមទៀត​ថា៖ «លោក Zidane គឺ​ជានិមិត្ត​រូប​ដ៏​អស្ចារ្យ​មួយ​របស់ Real Madrid ហើយ​កេរិ៍្ត​ដំណែល​របស់​លោក គឺ​ច្រើន​ជាង​អ្វី​ដែល​លោក​សម្រេចបាន​ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់​ និង​ជា​កីឡាករ​ម្នាក់​នៅក្នុង​ក្លិប​របស់​យើង​។ លោក​នឹង​តែង​តែមាន​ផ្ទះ​មួយ​ជានិច្ច​ក្នុង​ក្លិប​នេះ​»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia